(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច​ ធីល្លឺសុន បានចោទប្រកាន់ថា ប្រទេសអ៊ីរ៉ង់កំពុង​ប្រកាន់អាកប្បកិរិយាដូចកូរ៉េខាងជើង ដោយធ្វើសកម្មភាពបង្ករឿងតាមរយៈការបង្កអស្ថេរភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជាបំផ្លាញផលប្រយោជន៍អាមេរិក នៅក្នុងតំបន់នេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។

ការលើកឡើង​ជាថ្មីបែបនេះ​របស់លោក ធីល្លឺសុន ធ្វើឡើងបន្ទាប់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បង្គាប់ឱ្យ​ត្រួតពិនិត្យឡើងវិញ លើកិច្ចព្រមព្រៀង​នុយក្លេអ៊ែរជា​មួយអ៊ីរ៉ង់​កាលពីឆ្នាំ២០១៥ ក្រោមអតីត​រដ្ឋបាល លោក បារ៉ាក់ អូបាម៉ា បើទោះជា​ទីក្រុងវ៉ាស៊ីនតោន​ទទួលស្គាល់ថា ទីក្រុងតេហេរ៉ង់ ពិតជាបាន​គោរពតាមកិច្ចព្រមព្រៀង​នេះក៏ដោយ។ លោក ធីល្លឺសុន​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ៊ីរ៉ង់ កំពុង​ធ្វើសកម្មភាព​ដែលបង្កអស្ថេរភាព​នៅតំបន់​មជ្ឈិមបូព៌ា ព្រមទំាងបំផ្លាញ​ផលប្រយោជន៍​អាមេរិក នៅក្នុងប្រទេស​ អ៊ីរ៉ាក់ លីបង់ ស៊ីរី និងយ៉េមែន ពោលគឺទីក្រុងតេហេរ៉ង់ កំពុងដើរលើផ្លូវដូចគ្នា​ទៅនឹងកូរ៉េខាងជើង»

គួរបញ្ជាក់ថា អ៊ីរ៉ង់​គឺជាសម្ព័ន្ធមិត្ត​ដ៏សំខាន់​របស់ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ, ក្រុមឧទ្ទាម​ ហេសប៊ូលឡា និងក្រុមឧទ្ទាម ស៊ីអ៊ីតហូទី នៅប្រទេសយ៉េមែន ដែលសុទ្ធសឹង​តែជាបន្លានៅក្នុងកែវ​ភ្នែកសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលគួរតែត្រូវ​បានដកចេញនៅ ថ្ងៃណាមួយ​បើសិនជា​ពួកគេចង់​ពង្រីកឥទ្ធិពល​ គ្រប់គ្រងតំបន់​មជ្ឈិមបូព៌ា៕