(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានជំរុញឱ្យកូរ៉េខាងជើង បញ្ឈប់ការប៉ុនប៉ងជ្រៀតជ្រែតចូលក្នុង កិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ថា ចេតនាបែបនេះគឺមានគោលដៅបង្កភាពវឹកវរដល់ កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

ប្រតិកម្មរបស់ទីក្រុងសេអ៊ូល ធ្វើឡើងបន្ទាប់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បាននិយាយថា ក្រុមអ្នកនយោបាយ អភិរក្សនិយម មិនគួរត្រូវបានជ្រើសរើសឱ្យកាន់អំណាចសារជាថ្មីនោះទេ ហើយដែលនេះត្រូវបានគេមើលឃើញថាទីក្រុងព្យុងយ៉ាង មានបំណងលូកដៃចូលក្នុងកិច្ចការបោះឆ្នោតកូរ៉េខាងត្បូង គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ខាងមុខនេះ។ ជាមួយគ្នានោះ ដែរ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិ កូរ៉េខាងត្បូង លោក Lee Duk-haeng បានគូសបញ្ជាក់ ថានេះមិនមែនជារឿងអ្វីថ្មីសម្រាប់កូរ៉េខាងជើងឡើយ ក្នុងការប៉ុនប៉ងលូកដៃចូលក្នុងកិច្ចការនយោបាយកូរ៉េខាងត្បូង ក៏ប៉ុន្តែកូរ៉េខាង ជើង គួរតែបញ្ឈប់ទង្វើបែបនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ គេហទំព័រកូរ៉េខាងជើង Uriminzokkiri  បានរាយការណ៍ដែរថាក្រុមអ្នកអភិរក្សនិយមចង់ឱ្យលោក Ahn Cheol-soo ជាប់ឆ្នោតជាប្រធានាធិបតី ជាជាង លោក Moon Jae-in៕