(វ៉ាស៊ីនតោន)៖ នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគគុក ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីក្តីសង្ឃឹម​របស់លោក​ផ្ទាល់ថា មេដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ក៏មានបំណងចង់បន្តរក្សា​សន្តិភាពនៅឧបទ្វីបកូរ៉េដែរ។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍​មួយ លោក ដូណាល់ ត្រាំ បានលើកឡើង​ដូច្នេះថា «សង្ឃឹមថាលោក គីម ជុងអ៊ុន ចង់បានសន្តិភាពទៅចុះ ខណៈយើងក៏ចង់បានសន្តិភាពដូចគ្នាដែរ ហើយវានឹង​ជាការប្តេជ្ញាចិត្ត​ចុងក្រោយបង្អស់ ប៉ុន្តែយើង​នឹងនៅទន្ទឹងរង់ចាំ​មើលថា​ តើនឹងមាន​អ្វី​កើតឡើង​នាពេលបន្ទាប់ទៀត»

នាឱកាសនោះនៅពេលឆ្លើយតបទៅនឹងសំណួរដែលចោទសួរថា តើប្រជាពលរដ្ឋ​អាមេរិក​គួរតែព្រួយបារម្ភ​អំពីការគំរាមកំហែង​ នៃ​​សង្រ្គាមនុយក្លេអ៊ែរ​ដែលអាចកើតមាន​ឡើងជាមួយ​កូរ៉េខាងជើងដែរ ឬយ៉ាងណានោះ លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​រូបនេះបាន​ថ្លែងថា «​អ្នកត្រូវតែ​បារម្ភជានិច្ច ព្រោះអ្នកមិន​ដឹងជាក់ច្បាស់ថា រូបអ្នកកំពុង​តែតទល់ជាមួយ​នរណានោះ​ឡើយ»

ក្រៅពីនេះ​មេដឹកនាំ​អាមេរិករូបនេះ ក៏បានលើកឡើង​ថែមទៀតថា បណ្តាអតីត​ប្រធានាធិបតី​របស់ប្រទេស​នេះ គួរតែបាន​ដោះស្រាយ​បញ្ហា​នៃកម្មវិធីនុយក្លេអ៊ែរ​កូរ៉េខាងជើង។ លោក ដូណាល់ ត្រាំ បាននិយាយ​ដូច្នេះថា «ឥឡូវនេះខ្ញុំត្រូវ​បានដាក់ឲ្យ​ស្ថិត​នៅក្នុងស្ថានភាព ដែល​លោក គីម ជុងអ៊ុន ជាក់ស្តែងពិត​ជាមានអាវុធនុយក្លេអ៊ែរ​នៅក្នុងដៃ ហើយយើងត្រូវ​តែធ្វើអ្វីម៉្យាង​អំពីរឿងនេះ»

គួរបញ្ជាក់ថា ការធ្វើអត្ថាធិប្បាយ​ខាងលើនេះ​របស់ លោក ដូណាល់ ត្រាំ ត្រូវបាន​ធ្វើឡើងនៅ​ចំពោះមុខនៃការកើនឡើង​យ៉ាងខ្លាំង​ក្លា​ នៃ​ភាពតាន​តឹងនៅ​ឧបទ្វីបកូរ៉េ ដោយកាលពី​សប្តាហ៍មុន​ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក បានរាយការណ៍ថា លោក ត្រាំ ប្រហែលជានឹងបញ្ជា​ឲ្យបើកការវាយប្រហារ​ប្រឆាំងទៅលើ​កូរ៉េខាងជើង បើសិន​ជារបបដឹកនាំ​ទីក្រុងព្យុងយ៉ាង សម្រេចចិត្ត​បន្តធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ​។ ជាការឆ្លើយតប​យោធា​កូរ៉េខាងជើង ក៏បានព្រមាន​បើកការវាយ​ប្រហារ​ទៅលើមូលដ្ឋាន​យោធាអាមេរិក​នៅជប៉ុន​ និងកូរ៉េខាងត្បូង​វិញ រួមទាំង​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅរដ្ឋធានី​សេអ៊ូល នៅក្នុងករណី​ដែលសហរដ្ឋអាមេរិក​ហ៊ានប្រើកម្លាំង​យោធា៕