(ញូដេលី)៖ រថយន្តក្រុងមួយគ្រឿងបានរេចង្កូតចេញពីលើផ្លូវមួយខ្សែតាមជម្រាលភ្នំ ហើយក៏បានធ្លាក់​ចូលទៅក្នុងជ្រោះដ៏សែនជ្រៅ នៅក្នុងតំបន់​ភ្នំហិម៉ា​ឡៃភាគខាងជើងនៃប្រទេសឥណ្ឌា ដែលជាលទ្ធផលបានឆក់យកអាយុជីវិត អ្នកដំណើរយ៉ាងតិចចំនួន៤៤នាក់។ នេះបើតាមការអះអាងពី​​​អាជ្ញាធរនៅតំបន់កើតហេតុ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

ប្រភពខាង​លើបានឲ្យដឹងថា​ រថយន្តក្រុងផ្ទុក​មនុស្សសរុប​៥៦នាក់ បានធ្លាក់ផ្លុង​ចូលទៅក្នុងទឹកទន្លេនៅរដ្ឋ Himachal Pradesh ភាគខាងត្បូង​ឥណ្ឌា ដែលស្ថិតនៅ​ចម្ងាយប្រមាណ ១១៥គីឡូម៉ែត្រ​ពីទីក្រុង Shimla។ លោក Rohan Chand Thakur ស្នងការ​នៃសង្កាត់​​មួយរបស់ទីក្រុង Shimla បានថ្លែងប្រាប់​ក្រុមអ្នក​សារព័ត៌មានថា «យោងតាម​សេចក្តីរាយការណ៍​បឋម រថយន្តក្រុង​ឯកជន​មួយគ្រឿង បានធ្លាក់​​ទៅ​ក្នុង​ជ្រោះ ហើយបានសម្លាប់​មនុស្សជាង​៤០នាក់ ខណៈសេចក្តីរាយការណ៍​ចុងក្រោយថ្មី​បំផុត ដែលខ្ញុំទទួល​បានគឺមនុស្ស​៤៤នាក់​ហើយ បាន​បាត់បង់ជីវិត»

លោក Thakur បាន​បន្ថែមថា ភ្លាមៗនេះ​កម្លាំងប៉ូលិស​ក៏បានប្រញាប់​ប្រញាល់ ធ្វើដំណើរ​ទៅកាន់កន្លែង​កើតហេតុ​ ដែលកំពុងមាន​ការ​ជួយ​សង្រ្គោះ​យ៉ាង​​ស​ស្រាក់​​ស​ស្រាំផងដែរ។ ដោយឡែក​ពុំទាន់មាននរណា​បានដឹងនៅ​ឡើយនោះទេ អំពីមូលហេតុ​នៃគ្រោះថ្នាក់នេះ​ ឬមួយក៏អ្នក​ដំណើរដទៃ​ទៀត ដែលនៅរស់រាន​មានជីវិតបាន​ទទួលរងរបួសធ្ងន់​ ឬស្រាលដែរឬយ៉ាង​ណានោះ។

គួរបញ្ជាក់ថា ឥណ្ឌាស្ថិតនៅ​ក្នុងចំណោមប្រទេស​ដែលមានគ្រោះថ្នាក់​ចរាចរណ៍ដ៏សាហាវៗ បំផុតនៅលើ​ពិភពលោក ដោយមានមនុស្ស​​ស្លាប់មិនក្រោម​ ១៥០,០០០នាក់ ឡើយក្នុងមួយឆ្នាំៗ ដោយសារតែ​ផ្លូវថ្នល់មិនល្អ យានជំនិះដែលគ្មានការពារ​ថែទាំ ក៏ដូចជាការត្រួតពិនិត្យ​ឲ្យ​ដិតដល់ត្រឹមត្រូវ និងការបើកបរដោយធ្វេសប្រហែសជាដើម៕