(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុង កើតមានក្តីព្រួយបារម្ភជាខ្លាំង ដោយសារតែ​ការ​ធ្វើអត្ថាធិប្បាយនាពេលថ្មីៗនេះ របស់មន្រ្តីកូរ៉េខាងជើង ដែលបានព្រមានធ្ងន់ៗមិនសំចៃមាត់អំពីការធ្វើតេស្តមីស៊ីល និងលទ្ធភាពនៃការផ្ទុះឡើងនូវ​សង្រ្គាម​នុយក្លេអ៊ែរ​ដែលនឹងនាំឲ្យកក្រើកពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនលោក Lu Kang បានបន្ថែមថា​ «ចិនសូមធ្វើការប្រឆាំង ក៏ដូចជា​ជំទាស់យ៉ាងដាច់ខាត ចំពោះពាក្យសម្តី ឬមួយក៏ទង្វើទាំងឡាយណា ដែលអាចបន្តដុតរោល​ភាពតឹង​ ឲ្យកាន់តែក្តៅគគុកបន្ថែមទៀតនោះ»

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង​មានការលាក់កំបាំង​យ៉ាងជិតបំផុត ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែ ​របស់ខ្លួនដែលត្រូវបានបន្តអភិ​វឌ្ឍន៍​​ឡើង​ជា​បន្ត​បន្ទាប់​ មិនខ្វល់ពីការថ្កោលទោស​ និងទណ្ឌកម្មពី​សំណាក់អន្តរជាតិ​នោះឡើយ។ យោងតាម​របាយការណ៍​កាលពីចុង​ឆ្នាំ២០១៦ កូរ៉េខាងជើង​ត្រូវបានគេធ្វើការប៉ាន់​ប្រមាណថា មានក្បាល​គ្រាប់នុយក្លេអ៊ែរ ​ចំនួនចន្លោះពី១៣ទៅ២០គ្រាប់​នៅក្នុងដៃ ហើយបើ​​យោង​តាម​ក្រុម​​អ្នកជំនាញ​ជាច្រើន នៅក្នុងឆ្នាំ២០២០ ប្រទេស​កូរ៉េខាងជើង អាចនឹងមានពី​២០ដល់​ទៅ១០០គ្រាប់ ដោយផ្អែក​លើអាត្រា​នៃកំណើន​ស្តុក​ និងភាពរីក​ចម្រើននៃបច្ចេកវិទ្យា​របស់រដ្ឋកុម្មុយនិស្ត​មួយនេះ។ នេះបើតាម ប្រភពព័ត៌មានពី គេហទំព័រអន្តរជាតិ។

កាលពីពេល​កន្លងទៅ​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង បានធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ​របស់ខ្លួនចំនួន​ប្រាំលើករួច​មកហើយ ខណៈការ​បំផ្ទុះសាក​ល្បង​ដោយជោគជ័យ​នីមួយៗនោះ ត្រូវគេមើល​ឃើញថា​ បានកើនឡើង​កម្លាំងក៏ដូច​ជាអនុភាព​ជាបន្តបន្ទាប់ ដោយការ​ធ្វើតេស្តក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចុងក្រោយគេ​បង្អស់ កាលពីដើម​ខែកញ្ញា ឆ្នាំ២០១៦កន្លង​ទៅនេះ ត្រូវបាន​គេវ៉ាស់ស្ទង់​ឥទ្ធិពលថា​ មានកម្លាំងចន្លោះ​ពី១០ទៅ​​​៣០គីឡូតោន។

ជុំវិញសមត្ថភាព​នៃអាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង ប្រមុខដឹកនាំកំពូលផុត​លេខ​លោក គីម ជុងអ៊ុន បានអះអាងថា​ ប្រទេសរបស់លោក​មានបច្ចេកវិទ្យា​បាលីស្ទីក (Ballistic) នៅក្នុងដៃដែលចាំបាច់​សម្រាប់​ការវាយប្រហារ​ទៅលើ​ប្រទេសលោក​ខាងលិច ក៏ដូចជា​សហ​រដ្ឋ​អា​មេ​រិក​ ជាមួយក្បាល​គ្រាប់នុយក្លេអ៊ែរ​បាន។ ម៉្យាងវិញទៀត នៅក្រោយ​ការធ្វើតេស្ត​មីស៊ីលកាល​ពីខែសីហា ឆ្នាំ២០១៦ លោក គីម បាន​បញ្ជាក់​ថា​ ​អាមេរិក ​និង​​ទីតាំង​ប្រតិបត្តិការ​យោធារបស់​អាមេរិក នៅតំបន់​ប៉ាស៊ីហ្វិក គឺស្ថិតនៅ​ក្នុងរយៈចម្ងាយ​វាយប្រហារ​របស់កូរ៉េខាងជើង ហើយបន្ទាប់ពី​​ការ​បំផ្ទុះសាកល្បងក្បាលគ្រាប់មីស៊ីលកាលពី​ខែកញ្ញា ឆ្នាំដដែល ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង បានចេញមុខ​ព្រមានថា ប្រទេសរបស់​​ខ្លួនមានសមត្ថភាព​បំពាក់ក្បាលគ្រាប់​លើមីស៊ីល​បានហើយ។

ប្រការហេតុ​នេះក្រុមអ្នកជំនាញ​ជឿជាក់ថា នាពេលប៉ុន្មាន​ឆ្នាំខាងមុខ កូរ៉េ​ខាងជើងច្បាស់ជា​អាចវាយប្រហារ​ដោយអាវុធនុយក្លេអ៊ែរ​ទៅដល់ទឹកដី​សហរដ្ឋអាមេរិក​ជាមិនខានឡើយ។ ដោយឡែកសម្រាប់ចំនួន​​នៃក្បាលគ្រាប់នុយក្លេអ៊ែរ​របស់សហរដ្ឋអាមេរិក ដែលជាមហា​អំណាច​នុយ​ក្លេ​អ៊ែរ​វិញ​នោះ យោង​តាម​សម្តី​​របស់​អតីតអនុ​ប្រ​ធា​នា​ធិប​តី​​អាមេរិកលោក ចូ បៃដិន កាលពី​ខែមករា ឆ្នាំ២០១៧នេះ រដ្ឋាភិបាល​ទីក្រុង​​វ៉ាស៊ីន​តោន​មាន ​ក្បាល​គ្រាប់​នុយ​​ក្លេ​អ៊ែរ​សរុប​ដល់​ទៅ​៤​០១៨គ្រាប់ ដែលនេះមិន​រាប់​បញ្ចូលក្បាល​គ្រាប់​ប្រមាណ២៨០០គ្រាប់ទៀត ដែលឈានចូល​និវត្តន៍នោះឡើយ៕