(អវកាស)៖ ការស្រាវជ្រាវនា​ពេលថ្មីៗនេះបង្ហាញថា ប្រព័ន្ធជំនួយការ​ចុះចតរបស់​បេសកកម្មមុនៗ ប្រហែលជា​បានបំបែកខ្លួន​ខ្ទាត​ចេញ​ចម្ងាយ​រាប់សិបគីឡូម៉ែត្រ​ នៅទូទាំងភពអង្គារ (Mars) ដែលជាហេតុអាច​បណ្តាលឲ្យប៉ះពាល់​ដល់ប្រតិបត្តិការ​ដទៃ​ក្រោយ​ៗ​​ទៀត។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយគេហទំព័រ​បច្ចេកវិទ្យា Seeker នៅមុននេះបន្តិច​នារសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

វាគឺជារឿង​សាមញ្ញនោះទេ ដែលយានបំពេញបេសកកម្មនៅ​ភពអង្គារ ដូចជា 2012 Curiosity Rover និងយានសម្រាប់​ឆ្នាំ​​២០២០​ខាង​​មុខ ​ចាំបាច់ត្រូវមានប្រព័ន្ធ​ជំនួយ EDL សម្រាប់ធ្វើ​ការ ជ្រៀតចូល បន្ទាបខ្លួន និងចុះចត​ផ្សេងដាច់ដោយ​ឡែកពីប្រព័ន្ធ​សម្រាប់ប្រតិបត្តិការ​​នៅលើផ្ទៃដី។ ក៏ប៉ុន្តែយាន Rover ដែលបានឆ្លង​កាត់បរិយាកាស​ ហើយចុះចត​នៅលើផ្ទៃភពអង្គារ​ដោយជោគជ័យ ពុំចាំបាច់​បន្តត្រូវការ​ខែលការពារ​កម្តៅ ឆ័ត្រយោង ឬមួយវត្ថុ​ស្រដៀងៗ​គ្នា​មួយចំនួនទៀត ដើម្បីបំពេញ​ ក៏ដូចជាសម្រេច​បេសកកម្ម​របស់វាឡើយ ដូច្នេះ​ឧបករណ៍ ឬផ្នែកទាំងនោះជាទូទៅ​ក៏ត្រូវបានបោះបង់​ចោលផងដែរ។

ជុំវិញរឿងនេះ​មានការអះអាង​ថា​ បំណែកនៃ​ប្រព័ន្ធទាំងអស់​អាចក្លាយជា​បញ្ហាទៅបាន ដោយសារតែ​ពួកវាក្រោយពេល​ត្រូវ​បោះ​បង់ចោល គឺបានធ្លាក់​នៅចម្ងាយមិនជាឆ្ងាយពីយាន Rover ទាំងនេះនោះឡើយ​ គឺតែប៉ុន្មាន​រយម៉ែត្រប៉ុណ្ណោះ។ ជាពិសេស​នោះគឺសម្រាប់​បេស​ក​កម្ម​ប្រមូលយក​គំរូតាង (ដុំថ្មភពអង្គារ) តែម្តង ដោយខ្លាច​ក្រែងឆ័ត្រ​យោង និងបំណែកឧបករណ៍​លែងចាំបាច់​ជាច្រើនផ្សេងទៀត ត្រូវកម្លាំង​ខ្យល់ដ៏ខ្លាំងនៅ​លើផ្ទៃភពអង្គារ​បក់ផាត់ ទៅគ្របដណ្តប់​លើ​ ឬធ្វើឲ្យខូចខាត​ដល់គំរូតាង​ទាំងនោះ ដែលអាចធ្វើ​ឲ្យបេសកកម្ម​ជួបប្រទះ​បញ្ហាលំបាក។

គួរបញ្ជាក់ថា យ៉ាងណាមិញ​ការស្រាវជ្រាវ​ថ្មីខាងលើនេះ ក៏បានលើក​ឡើងអំពីកត្តាមួយចំនួន​ ដើម្បីជៀសវៀង​បញ្ហាទាំងនេះ​សម្រាប់​បេសកកម្ម​នាពេលអនា​គតផងដែរ រួមមានទាំង​ល្បឿន​ និងទិសខ្យល់​នៃភពអង្គារជាដើម ដើម្បីកុំឲ្យសម្រាមដែលលែង​ប្រើការកើតទាំងនោះ អាចរសាត់មកបង្កការរាំងស្ទះ ឬខូចខាតដល់បេសកកម្មធំ ដែលត្រូវការការបញ្ជាទាំងស្រុងពីភពផែនដី៕