(ប៉េកាំង)៖ ការរុះរើកកងទ័ពចិន និងតម្លើងទៅជាកងអង្គភាពយោធាចំនួន ៨៤កំរិត គឺជាចលនា​មួយឆ្ពោះទៅ​រក ការបង្កើតកងកម្លាំងយោធានាំមុខគេនៅលើពិភពលោកស្របទៅតាម កាលៈទេសៈបច្ចុប្បន្នរបស់សកលលោក។ នេះបើតាមសម្តីរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដកស្រង់ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

ការលើកឡើង​របស់ លោក ស៊ី ជិនពីង ធ្វើឡើងនៅក្នុង​ជំនួបជាមួយក្រុមមន្ត្រី​នៃអង្គភាព​យោធាថ្មី នៅក្នុងទីក្រុង​ប៉េកាំង កាលពី​ថ្ងៃអង្គារ។ ថ្លែងនាឱកាស​នោះដែរ លោក ស៊ី បានលើក​ឡើងយ៉ាងដូច្នេះថា «កងអង្គភាព​យោធា​ទាំងអស់​ ត្រូវតែទទួលខុសត្រូវយ៉ាងធំសម្បើម​ ក្នុងការពារដែន​អធិបតេយ្យភាព សន្តិសុខ និងអភិវឌ្ឍន៍​ផលប្រយោជន៍ជាតិ។ មិនតែប៉ុណ្ណោះ​ពួកគេត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជានិច្ច និងរ៉ឹងមំា ដើម្បីយកជ័យជម្នះ​នៅពេល​មានសង្រ្គាម​ផ្ទុះឡើងមិនថា នៅពេលណាក៏ដោយ ហើយម្យ៉ាងវិញ​ទៀតពួកគេត្រូវ​តែចេះគ្រប់គ្រង ឬប្រើប្រាស់ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបផងដែរ ដើម្បីត្រៀមខ្លួន​ប្រឈមមុខនឹង​សង្រ្គាមសម័យ​ទំនើប»

គួរបញ្ជាក់ថា ការបង្កើត​កងអង្គភាពយោធា​៨៤កម្រិត គឺជាការធ្វើ​កំណែទម្រង់​ចុងក្រោយនៃកងទ័ព​រំដោះប្រជាជន​ចិន (PLA) ក្នុងនោះ​រួមមានទំាង ការច្របាច់​បញ្ចូលតំបន់​ទីបញ្ជាការ​យោធាចំនួន​០៧ ទៅជាទីបញ្ជាការ​ចំនួន០៥វិញ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ តាមរយៈ​ដាក់ឱ្យដំណើរ​ការកងកម្លាំងភស្ដុភារួម កាលពីខែកញ្ញា ឆ្នាំ២០១៦ ព្រមទំាង ការបង្កើតគណៈកម្មាការ​កណ្ដាល សម្រាប់ការធ្វើ​សមាហរណកម្ម​យោធា និងការអភិវឌ្ឍវិស័យ យោធាស៊ីវិល​កាលពីខែមករា​កន្លងទៅ៕