(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានរៀបចំការប្រគុំតន្រ្តីដ៏ធំមួយ ដើម្បីអបអរពិធីខួបកំណើតទី១០៥ នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដោយពេលបញ្ចប់ការប្រគុំតន្ត្រីនោះ ខ្សែវីដេអូដ៏គួរឲ្យ​ភ្ញាក់ផ្អើលមួយបានចាក់បង្ហាញទស្សនកិច្ច ដែលគេឃើញមានគ្រាប់មីស៊ីលត្រូវបានបាញ់ចេញពី​កូរ៉េខាងជើងសំដៅទៅវាយប្រហារទឹកដីសហរដ្ឋអាមេរិក ឲ្យក្លាយទៅជាអណ្តាតភ្លើងតែម្តង។ នេះ​បើតាម​ការដកស្រង់ព័ត៌មានពី Channel News Asia នាព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង​បានចេញផ្សាយ​ព័ត៌មាន និងបានបង្ហាញ​ពីរូបភាពនៃការទះដៃ​អបអរសាទរ ប្រកបដោយ​ទឹកមុខញញឹម​ពីសំណាក់​មន្ត្រីរដ្ឋាភិបាល និងប្រជាជន​កូរ៉េខាងជើង ដែលបាន​ទស្សនាខ្សែ​វីដេអូវាយប្រហារ​អាមេរិក ដែលត្រូវបានផលិតឡើងដោយ​ក្រុមអ្នកជំនាញ នៃប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកុម្មុយនិស្តមួយនេះ។

គួរបញ្ជាក់ថា កម្មវិធីប្រគុំ​តន្ត្រីខាងលើនេះ​ត្រូវ​បានរៀបចំ​ឡើង និងចាក់ផ្សាយ​តាមទូរទស្សន៍​រដ្ឋកូរ៉េខាងជើង​ដែលចាប់ផ្តើម​ឡើងកាលពី​ថ្ងៃអាទិត្យសប្តាហ៍មុន ដោយមាន​ការចូលរួមដោយ​ផ្ទាល់ពីមេដឹកនាំ​កំពូល​ផុតលេខ​លោក គីម ជុងអ៊ុន មួយថ្ងៃបន្ទាប់​ពីព្យុហយាត្រាយោធា​ដ៏ធំប្រចាំឆ្នាំ​ ត្រូវបាន​រៀបចំឡើងនៅ​កណ្តាលរដ្ឋធានី​ព្យុងយ៉ាង ចំពោះមុខអ្នកសារព័ត៌មាន និងភ្ញៀវបរទេសរាប់រយនាក់។  

សូមបញ្ជាក់ម្តងទៀតថា ខ្សែវីដេអូស្តីពីសកម្មភាពវាយប្រហារដោយគ្រាប់មីស៊ីលកូរ៉េខាងជើង ទៅលើទឹកដី​អាមេរិកនោះ ជាការបង្ហាញអំពីការធ្វើតេស្តមីស៊ីល​ជាក់ស្តែង​កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ហើយបន្ទាប់មក​គេក៏ឃើញ​គ្រាប់មីស៊ីល​មួយចំនួនហោះឡើង​លើអាកាស ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក រួចក៏ផ្ទុះបែក​ចេញ​ជាបណ្តុំ​អណ្តាតភ្លើង​ដ៏មហិមា​នៅលើទឹកដី​សហរដ្ឋអាមេរិក​តែម្តង៕