(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្គាប់ឱ្យត្រួតពិនិត្យឡើងវិញថា តើការដកទណ្ឌកម្មលើអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ថាបានផ្ដល់ផលប្រយោជន៍ ដល់សន្តិសុខជាតិអាមេរិកដែរ ឬយ៉ាងណា ខណៈលោកផ្ទាល់ធ្លាប់បានហៅកិច្ចព្រមព្រៀងជាមួយទីក្រុង តេហេរ៉ង់ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់មិនធ្លាប់មាន។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ដកស្រង់ដោយសារព័ត៌មាន Channel News Asia​​ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក រិច ធីល្លឺសុន បានបញ្ជាក់ថា អ៊ីរ៉ង់ បានប្ដេជ្ញាចិត្ត​អនុវត្តន៍កិច្ចព្រមព្រៀង នៅក្នុងក្របខណ្ឌ​នៃការទប់ស្កាត់​កម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន ក៏ប៉ុន្តែទន្ទឹមគ្នា​លោកនៅតែ​ព្រួយបារម្ភ​នូវអ្វីដែល​លោកមើល​ឃើញថា អ៊ីរ៉ង់បាន​ និងកំពុងជួយ​គំាទ្រដល់​ក្រុមភេរវករ។ លោក ធីល្លឺសុន បានគូស បញ្ជាក់​ដូច្នេះថា «ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបញ្ជាដោយ​ផ្ទាល់ឱ្យទីប្រឹក្សា​សន្តិសុខជាតិ ត្រួតពិនិត្យ​ឡើងវិញ​ចំពោះកិច្ចព្រមព្រៀង​នុយក្លេអ៊ែរជា​មួយអ៊ីរ៉ង់ (JCPOA) ថា តើវាបានផ្ដល់​ផលប្រយោជន៍​ដល់សន្តិសុខជាតិ​អាមេរិកដែរ ឬទេ ស្របពេល​ទីក្រុងតេហេរ៉ង់ នៅតែប្រកាន់​ឥរិយាបទដូចជា​រដ្ឋគាំទ្រក្រុម​ភេរវករ»

គួរបញ្ជាក់ថា ដើម្បីរួចផុត​ពីទណ្ឌកម្មសេដ្ឋកិច្ច​របស់សហគមន៍​អន្តរជាតិ អ៊ីរ៉ង់បាន​សម្រេចចិត្ត ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយនឹងមហាអំណាច ៥បូក១ មានសហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី និងអាល្លឺម៉ង់ កាលពីឆ្នាំ២០១៥​កន្លងទៅ។ ក៏ប៉ុន្តែបន្ទាប់ពី លោក ដូណាល់ ត្រាំ ស្បថចូល​កាន់តំណែង​ជាប្រធានាធិបតី​អាមេរិក ទំាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចោទ​ប្រកាន់ដាក់គ្នា​ទៅវិញទៅ​មកថា​ បានរំលោភបំពាន​លើកិច្ចព្រមព្រៀង​នេះ រហូតដល់​ចង់រំលាយវាចោលទៀតផង៕