(​ស៊ីរី)៖ មន្ត្រីអ្នកនាំពាក្យជាន់ខ្ពស់នៃអង្គការ UNICEF បានរៀបរាប់ពីស្ថានភាពដ៏អាក្រក់បំផុត ដែលបានកើតឡើងលើប្រជាជន ជាពិសេសកុមារនៅស៊ីរី បន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យមួយ លើក្រុមជនភៀសខ្លួនក្បែរទីក្រុងអាឡេប៉ូ (Aleppo) បានផ្ដាច់យកអាយុជីវិត​មនុស្ស ១២៦នាក់ ក្នុងនោះ រួមមានទំាងកុមារ៦៨នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

យោងតាម​ក្រុមអ្នកឃ្លំា​មើលសិទ្ធិ​មនុស្សនៅក្នុងតំបន់ ការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែក ទៅលើក្បួន​រថយន្ដដឹក​ជនភៀសខ្លួន​រាប់រយនាក់​កាលពី​សប្ដាហ៍មុន បានសម្លាប់មនុស្ស​១២៦នាក់ ក្នុងនោះរួម​មានទាំងកុមារ​៦៨នាក់ផងដែរ។ ក៏ប៉ុន្តែអ្វី​ដែលគួរឱ្យ​កត់សម្គាល់ គឺមាន​សេចក្ដីរាយការណ៍​មួយចំនួនអះអាង​ថា​ កុមារបាន ក្លាយជា​គោលដៅ​នៃការវាយប្រហារ​នៅក្នុង​ប្រទេសស៊ីរី។​

ដោយឡែក​ជុំវិញបញ្ហា​នេះដែរ ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន Russian Today អ្នកនាំ​ពាក្យអង្គការ UNICEF ប្រចាំ​ប្រទេស​ហ្ស៊កដានី លោក Malene Jenson បានបញ្ជាក់ថា «បើទោះជា​មិនទាន់មាន​ព័ត៌មានជាក់​លាក់បង្ហាញ​ថា កុមារស៊ីរី បានក្លាយ​ជាគោលដៅ​នៃការវាយប្រហារ​ក៏ដោយ ក៏គេតែងតែឃើញជារឿយៗ​ថា កុមារទំាងនេះ​បានស្ថិតនៅក្នុង​ចំណោមជន​រងគ្រោះ នៃការ​វាយប្រហារ​ដោយបំផ្ទុះគ្រាប់បែក ឬក៏ការ​វាយប្រហារ​តាមផ្លូវអាកាស​ជាដើម ពោលបើ​និយាយឲ្យចំ កុមារស៊ីរី​បាន និងកំពុងទទួលរងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ដោយសារតែ​ជម្លោះ ដែលពួកគេ​មិនមែនជាអ្នក​បង្កឡើង និងមិនដឹងថា​ ថ្ងៃណាត្រូវ​បញ្ចប់នោះឡើយ»

គួរបញ្ជាក់ថា បើតាមលោក Malene Jenson កាលពី​ឆ្នាំ២០១៦ កុមារស៊ីរី ៦៥២នាក់ បានស្លាប់ ក្នុងនោះ​២៥៥នាក់​បានបាត់បង់ជីវិតនៅក្បែរ ឬនៅក្នុងសាលារៀនរបស់ពួកគេតែម្តង ដែលវាជារឿងដ៏គួរឲ្យខ្លោច​ផ្សាបំផុតចំពោះសង្គ្រាមនៅក្នុងប្រទេសស៊ីរី៕