(តូក្យូ)៖ ស្ថិតនៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសជប៉ុននៅឡើយ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននឹង បន្តកិច្ចសហការជាមួយនឹងបណ្តាសម្ព័ន្ធមិត្តនានា​របស់ខ្លួន ដើម្បីដាក់សម្ពាធផ្នែកសេដ្ឋកិច្ច និងការទូតឲ្យបានខ្លាំងជាងមុនទៅលើប្រទេសកូរ៉េខាងជើង ហើយនឹងធ្វើការវាយបកវិញយ៉ាងចាស់ដៃផងដែរ ក្នុងករណីដែលកើតមានការវាយប្រហារណាមួយមុន ពីសំណាក់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ពី សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

ការព្រមានបែបនេះ​ត្រូវបានធ្វើឡើង​ដោយលោក​អនុប្រធានាធិបតី​អាមេរិកព នៅលើនាវាផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan ដែលបច្ចុប្បន្ន​កំពុងឆ្លងកាត់​ការត្រួតពិនិត្យ​ថែទាំ​តាមការគ្រោងទុក នៅឯកំពង់ផែ​នៃទីក្រុង Yokosuka ប្រទេស​ជប៉ុន។ នាឱកាស​នោះ​​​លោក Mike Pence ក៏បានលើក​ឡើងផងដែរ​ថា សហរដ្ឋអាមេរិក​នឹងប្តេជ្ញា​ការពារ​សេរីភាព នៃការធ្វើ​នាវាចរណ៍​ និងអាកាសចរណ៍​ នៅតំបន់​សមុទ្រចិន​ខាងត្បូង ជាកន្លែងដែល​ទីក្រុងប៉េកាំង​មានបញ្ហាវិវាទ​ដ៏តានតឹង​ជាមួយ​ប្រជាជាតិ​មួយចំនួន នៅតំបន់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ ទី១៦ ខែមេសា អនុប្រធានាធិបតី​​អាមេរិកលោក Mike Pence បានទៅដល់​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ពេល​​តែ​​ប៉ុន្មាន​​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង​​ធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយ​អ្នក​ជំនាញអះអាងថា គ្រាន់តែកូរ៉េខាង​ជើង​បាញ់​ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាត្រូវបានធ្វើឡើងឡើង មួយថ្ងៃក្រោយនៃការធ្វើ​ព្យុហ​យា​ត្រា​អបអរ​ខួប​កំណើត​ទី១០៥ឆ្នាំ នៃបិតាស្ថាបនិក​កូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធ​ថ្មីៗ​ទៅ​វិញ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅជប៉ុន លោក Pence នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងអូស្ត្រាលី ជាកិច្ចបញ្ចប់នៃទស្សនកិច្ចរយៈពេល ១០ថ្ងៃរបស់លោកនៅតំបន់អាស៊ីតែម្តង៕