(​ហ៊ូស្ដុន)៖ អតីតប្រធានាធិបតីអាមេរិក លោក ចច អេច ដាប់ប៊ែលយូ ប៊ូស (George H.W. Bush) ដែលនេះគឺជាលើកទី០២ ក្នុងរយៈពេល០៣ខែនេះ ដោយសារតែជំងឺរលាកសួត។ ក៏ប៉ុន្តែនៅពេលនេះ​ ស្ថានភាព​សុខភាពរបស់លោក​កំពុងល្អប្រសើរ​ឡើងវិញហើយ។ នេះបើតាមសម្តីរបស់អ្នកនាំពាក្យក្រុមគ្រួសារ អតីតប្រធានាធិបតីអាមេរិករូបនេះ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

យោងតាម​អ្នកនាំពាក្យ លោក Jim McGrath លោក ប៊ូស បានសម្រាក​ព្យាបាលនៅមន្ទីរពេទ្យ​ក្នុងទីក្រុងហ៊ួស្ដុន តាំងតែពី​ថ្ងៃសុក្រសប្ដាហ៍​មុនមកម្លេះ ក្រោយជំងឺ​រលាកសួតកំរិត​ស្រាលរបស់​លោក ធ្វើទុក្ខឡើង​វិញ ដែលធ្វើឱ្យលោក​ក្អកជាប្រចាំ និងមិនបាន​សម្រាក​គ្រប់គ្រាន់។ ទោះបីជាយ៉ាងណា បច្ចុប្បន្នស្ថានភាព​សុខភាព របស់លោក​អតីតប្រធានាធិបតី បានល្អប្រសើរ​ឡើងវិញហើយ តែលោក Jim McGrath ក៏មិនបាន​បញ្ជាក់អ្វី​លើសពីនេះដែរ ដោយគ្រាន់តែប្រាប់ថា លោក ប៊ូស កំពុងសម្រាក​ព្យាបាលជំងឺនៅមន្ទីរពេទ្យ Houston Methodist Hospital ជាទីដែល លោកបាន​ចំណាយពេលច្រើនជាង០២សប្ដាហ៍ ព្យាបាលជំងឺ​រលាកសួត​កាលពី​ខែមករា កន្លងទៅ។

គួរបញ្ជាក់ថា លោក ចច អេច ដាប់ប៊ែលយូ ប៊ូស មានអាយុ៩២ឆ្នាំ គឺជាអតីតប្រធានាធិបតី​អាមេរិកទី៤១ ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ ហើយលោកក៏ជាឪពុករបស់​អតីតប្រធានាធិបតី​អាមេរិកទី៤៣ លោក​ ចច ដាប់ប៊ែលយូ ប៊ូស ដែលបានកាន់​អំណាចពី​ឆ្នាំ២០០១ ដល់ឆ្នាំ២០០៩៕