(បាងកក)៖ ព្រះសពរបស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវបានគេដឹងថា នឹងត្រូវប្រារព្ធព្រះរាជពិធីបូជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ដែលវាមានរយៈមួយឆ្នាំ និង១៣ថ្ងៃ បន្ទាប់ពីព្រះអង្គសោយទិវង្គតនៅក្នុងមន្ទីរពេទ្យទីក្រុងបាងកកប្រទេសថៃ។ នេះបើតាម​ការដកស្រង់ព័ត៌មានពីវែបសាយល្បីរបស់ថៃ kapook ក្រោយទទួលបាន​សេចក្តីប្រកាសពី​រាជវាំងក្រុង​បាងកក នៅថ្ងៃព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយព្រះទិវង្គតក្នុងជន្មាយុ ៨៨ព្រះវស្សានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្រោយពីទទួលរងអការៈរោគរុំារ៉ៃអស់ជាច្រើនឆ្នាំ ប៉ុន្តែព្រះអង្គមិនដែលបានយាងទៅព្យាបាលនៅបរទេសនោះឡើយ។ ក្រោយព្រះអង្គសោយទិវង្គត រាជទាយាទព្រះនាម មហា វិច្ចិរ៉ាឡុងកន បានឡើងគ្រងរាជ្យសម្បត្តិបន្តនៅដើមខែធ្នូ ឆ្នាំ២០១៦។

សម្រាប់ការសម្រេចបូជាព្រះសពនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នោះ គឺវាសមស្របទៅ​តាមសេចក្តីប្រកាស​​របស់រាជរដ្ឋាភិបាល​ថៃ ដែលកាលពីអតីត​ព្រះមហាក្សត្រ​ដែលប្រជាជនថៃ​គោរពស្រឡាញ់​ជាងជីវិតនេះ បានសោយទិវង្គតបានប៉ុន្មានថ្ងៃបានប្រកាសថា ព្រះសពរបស់ព្រះអង្គ នឹងត្រូវតម្កល់ទុកក្នុងរាជវាំងរយៈពេលមួយឆ្នាំ​ ទើបប្រារព្ធព្រះរាជពិធីបូជា ហើយក្រោយពីពិធី​បូជាចប់រួចរាល់នោះ ព្រះរាជពិធីដ៏ធំ​ជាផ្លូវការនៃការឡើង​​គ្រងរាជ្យសម្បតិ្តរបស់​ស្តេចអង្គថ្មី ក៏នឹងត្រូវរៀបចំ​ឡើងផងដែរ៕