(អាមេរិក)៖ អាជ្ញាធរប៉ូលិសរដ្ឋ Pennsylvania បានរាយការណ៍ថា បុរសជាឃាតកម្នាក់ ដែលបានបាញ់​សម្លាប់បុរសវ័យចំណាស់ម្នាក់ នៅតាមផ្លូវក្នុងទីក្រុង Cleveland នៃរដ្ឋ Ohio ស្ថិតនៅភាគឦសាន និងបានបង្ហោះរូបភាពជាវីដេអូ ស្តែងពីសកម្មភាពបាញ់ប្រហាររបស់ខ្លួននៅលើ Facebook បានបាញ់សម្លាប់ខ្លួនឯងហើយ ខណៈនាយកប្រតិបត្តិ បណ្តាញសង្គមយក្សនេះគឺ លោក Mark Zuckerburg បានសន្យាថា នឹងព្យាយាមទប់ស្កាត់សោកនាដកម្មបែបនេះ មិនឲ្យមានការផ្សព្វផ្សាយជាសាធារណនោះឡើយ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

ប្រភពដដែលបានឱ្យដឹងទៀតថា សាកសពខ្មាន់កំាភ្លើងឈ្មោះ Steve Stephens ត្រូវបានរកឃើញ​នៅឯ​សហគមន៍ Erie ស្ថិតនៅក្នុងរដ្ឋ Pennsylvania ហើយរូបគេ​ត្រូវបានគេជឿជាក់ថា​ បានបាញ់ចំក្បាល​សម្លាប់ខ្លួនឯង បន្ទាប់ពីត្រូវប៉ូលិស​តាមចាប់ខ្លួននា​រយៈពេល​ ២៤ម៉ោងចុងក្រោយនេះ សម្រាប់អំពើ​ឃាតកម្មលើ​បុរសវ័យចំណាស់​ម្នាក់ឈ្មោះ Robert Godwin អាយុ៧៤ឆ្នាំ​ ដែលខ្លួន (ខ្មាន់កាំភ្លើង) មិនបានស្គាល់​តែសោះ។

គួរបញ្ជាក់ថា បើតាមប្រភព​ក្រៅផ្លូវការមួយចំនួន​នៅក្នុងវីដេអូមួយ​ផ្សេងទៀត Steve Stephens ក៏បានអួតផងដែរថា​ ខ្លួនបានសម្លាប់១៣នាក់​ ហើយថាមានគំរោងសម្លាប់មនុស្សទី១៤។ ក៏ប៉ុន្តែយ៉ាងណា អាជ្ញាធរមិនបាន​រកឃើញសាកសព​ណាមួយបន្ថែមទៀត​នោះទេ៕