(ស៊ីដនី)៖​ ក្រុមអ្នកសារព័ត៌មានលោកខាងលិច ដែលបានចូលរួមក្នុងពិធីព្យុហយាត្រាយោធា ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នាឱកាសពិធីរលឹកខួបកំណើតទី១០៥ នៃអតីតបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន) បានសង្ស័យថា គ្រាប់មីស៊ីលមួយចំនួន ដែលត្រូវបានដាក់តាំងបង្ហាញ និងបង្អួតពិភពលោកនោះគឺជាអាវុធក្លែងក្លាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News របស់អូស្ត្រាលីនៅរសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

យោងតាមសារព័ត៌មាន ABC News, អ្នកសារព័ត៌មាន​ខ្លះបានរាយការណ៍​ថា ក្បាលគ្រាប់​មីស៊ីល និងនុយក្លេអ៊ែរ មួយចំនួន​របស់កូរ៉េខាងជើង គឺជាអាវុធក្លែងក្លាយ​ ផលិតឡើងដោយឈើ និងក្រដាសកាតុង​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែយ៉ាងណា​ក៏ដោយ​អ្នកជំនាញ​ដូចជា លោក Euan Graham នាយកកម្មវិធី​សន្តិសុខ​អន្តរជាតិមក ពីវិទ្យាស្ថាន Institut Lowy បានបញ្ជាក់ថា គេមិនអាច​មើលស្រាល​បានឡើយចំពោះ​សមត្ថភាពអាវុធ​កូរ៉េខាងជើង។ លោក Euan Graham លើកឡើងយ៉ាងដូច្នេះថា «បើទោះជា លោក គីម ជុងអ៊ុន សម្រេចចិត្ត​បង្ហាញគ្រាប់​មីស៊ីលក្លែងក្លាយក៏ដោយ ក៏វាមិនមែន​មានន័យថា កូរ៉េខាងជើងគ្មាន​មីស៊ីលពិតប្រាកដ​នោះដែរ។ នេះអាចមកពី​លោក មិនចង់​ប្រថុយបង្ហាញ​ក្បាលគ្រាប់នុយក្លេអ៊ែរ​ពិតប្រាកដ ឬក៏លោកមិន​ចង់ឱ្យអាវុធទំាង​នេះខូចខាត ឬក៏ត្រូវចំណាយ​ប្រាក់ ដ៏ច្រើនលើស​លប់ក្នុងការ​ដឹកជញ្ជូន»

គួរបញ្ជាក់ថា អ្នកសារព័ត៌មាន​បរទេសជិត ២០០នាក់ បានចូលរួមនៅ​ក្នុងពិធីព្យុហយាត្រា​យោធា​ក្នុងទីក្រុងព្យុងយ៉ាង កាលពី​ថ្ងៃទី១៥ ខែមេសា កន្លងទៅ។ ម្យ៉ាងវិញទៀត​នៅឱកាសនោះដែរ ទីក្រុងព្យុងយ៉ាង​មិនបានសាកល្បង​អាវុធនុយក្លេអ៊ែរដូចការសន្និដ្ឋាន​នោះទេ នៅក្នុងបរិបទ​ដែលសហរដ្ឋ​អាមេរិក​គំរាមប្រើប្រាស់​កម្លាំងយោធា ក៏ប៉ុន្តែកាលពីព្រឹក​ថ្ងៃអាទិត្យ កូរ៉េខាងជើង​បែរជាបាញ់មីស៊ីល​មួយគ្រាប់ទៅវិញតែបរាជ័យ។ រីឯយោធាអាមេរិកក៏មិនមានប្រតិកម្ម​អីធំដុំនោះដែរ ក្រៅតែពី​ការថ្កោលទោស​ចំពោះទង្វើរំលោភ​បំពានលើ​ដំណោះស្រាយ UN​ បែបនេះ៕