(ម៉ានីល)៖ អាជ្ញាធរនៃប្រទេសហ្វីលីពីនបានឲ្យដឹងថា មនុស្សយ៉ាងតិចចំនួន ២៤នាក់ បានបាត់បង់ជីវិត បន្ទាប់ពីរថយន្តក្រុង​ដឹកអ្នកដំណើរមួយគ្រឿង​ ​ផ្ទុកមនុស្សប្រមាណ ៤៥នាក់នៅលើនោះ បានជ្រុលបង្កូតធ្លាក់ចូលទៅក្នុងជ្រោះដ៏ជ្រៅមួយ ស្ថិតក្នុងទីក្រុងតំបន់ភ្នំមួយកន្លែងនៅភាគខាងជើង​ប្រទេសអាស៊ានមួយ​នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Associated Press នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

មន្រ្តីនៃទីភ្នាក់ងារប្រតិកម្ម​បន្ទាន់ចំពោះ​គ្រោះមហន្តរាយ​ លោក Mark Raymond Cano បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា ហ្រ្វាំងរបស់​រថយន្តដែល​​​​បាន​ជួបគ្រោះ​ថ្នាក់​ខាងលើ ទំនងជា​ជាប់គាំងមិនដំណើរការ ស្របពេលដែល​យានជំនិះនេះ​បានធ្វើដំណើរចុះ​ពីផ្លូវ​ចំណោត​​មួយខ្សែរ នៅក្នុងទីក្រុង Carranglan នៃខេត្ត Nueva Ecija ភាគខាងជើង​នៃប្រទេសហ្វីលីពីន។

គួរបញ្ជាក់តាមលោក Cano ថា អ្នកដំណើ​រដទៃទៀតដែល​សំណាងល្អ ពុំបានបាត់បង់​ជីវិតនោះ ត្រូវបានជួយ​សង្រ្គោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ​ជាបន្ទាន់ តែ​ទោះ​ជាយ៉ាងណាក្តីពួកគេ​ភាគ​ច្រើនបានទទួល​រងរបួសធ្ងន់ធ្ងរ​ខ្លាំង ដែលអាចនឹងមានមនុស្សស្លាប់បន្ថែមទៀត៕