(តូក្យូ)៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល​ជប៉ុននៅថ្ងៃអង្គារនេះ ហើយ​សេតវិមាន​សង្ឃឹម​​​ថា​ នឹង​អាចបើកច្រកទ្វារសម្រាប់ទំនិញរបស់​សហរដ្ឋអាមេរិក និងទាក់ទាញការបណ្តាក់ទុនវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់​ពី​​បាន​​ធ្វើ​ការព្យាយាមផ្តល់ទំនុកចិត្ត​ផ្អែកសន្តិសុខសាជាថ្មីដល់សម្ព័ន្ធមិត្តដ៏សំខាន់មួយនេះ ជុំវិញភាពតានតឹងនៃបញ្ហាកូរ៉េខាងជើង។ នេះ​បើ​តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

នៅក្រោយកិច្ចពិភាក្សាគ្នា​ស្តីពីបញ្ហាកូរ៉េខាងជើង​ដ៏ក្តៅគគុក លោកអនុប្រធានាធិបតី​អាមេរិក ក៏​បានបន្តចូលរួម​ស្រស់​ស្រូប​​​អាហារ​ពេល​ថ្ងៃ​ត្រង់​​ជាមួយ​នាយក​រដ្ឋមន្រ្តី​ជប៉ុនលោក ស៊ីន​ហ្សូ​ អាបេ មុននឹងជួបជា​មួយឧបនាយករដ្ឋមន្រ្តី​ជប៉ុនលោក Taro Aso សម្រាប់កិច្ចសន្ទនា​លើទំនាក់ទំនងសេដ្ឋ​កិច្ច ដែលលោក Mike Pence បានសង្ឃឹមថា នឹងអាចទទួលបានលទ្ធផលវិជ្ជមាន សម្រាប់ជជែកពិភាក្សា​គ្នា​នាពេលអនាគត​ដ៏វែងឆ្ងាយបន្តទៀត។

គួរបញ្ជាក់ថាលោក Mike Pence បានចាកពីប្រទេស​កូរ៉េខាងត្បូង ហើយធ្វើដំណើរមក​ដល់ទីក្រុងតូក្យូ​នៅព្រឹកថ្ងៃអង្គារនេះ និងបានធ្វើការ​រៀបរាប់ថា​ សម្ព័ន្ធភាព​រវាងអាមេរិក-ជប៉ុន គឺជាសរសរគោល​នៃស្ថិរភាព​ក៏ដូចជាសន្តិសុខ​នៅក្នុងតំបន់។ ម៉្យាងវិញទៀត​ដំណើរបំពេញ​ទស្សនកិច្ចរយៈពេល​​១០ថ្ងៃ​នៅអាស៊ី​របស់លោក Mike Pence ក៏ត្រូវបានធ្វើឡើងសំដៅ គូសបញ្ជាក់​ផងដែរថា ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ​នៅតែមាន​បំណង​ចង់​បង្កើនការ​ធ្វើពាណិជ្ជកម្ម​អាមេរិក នៅក្នុងតំបន់នេះ​ដដែល ទោះបីជាលោក ត្រាំ បានសម្រេច​បោះបង់ចោល​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​​នៃ​ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា TPP យ៉ាងណាក្តី៕