(បាងកក)៖ មន្ត្រីម្នាក់នៃសាលាក្រុងបាងកកបានឱ្យដឹងនៅថ្ងៃអង្គារនេះថា តូប ឬការលក់អាហារទាំងអស់ នៅតាមចិញ្ចើម ផ្លូវធំៗក្នុងទីក្រុងដ៏ធំនេះ នឹងត្រូវបានហាមឃាត់ក្រោមហេតុផលដើម្បីសោភណភាពទីក្រុង ខណៈក្រុមអាជីវករលក់ដូរ តាមចិញ្ចើមផ្លូវ បានរិះគន់និងសម្ដែងការខឹង​សម្បារយ៉ាង​ខ្លាំង ចំពោះចំណាត់ការ​បែបនេះ។ នេះបើតាមការចេញផ្សាយ​​ដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

ជុំវិញចំណាត់ការ​នេះដែរ​ថ្លែងប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ប្រធានទីប្រឹក្សា​អភិបាលក្រុងបាងកក លោក Wanlop Suwandee បានបញ្ជាក់យ៉ាង​ដូច្នេះថា «រាល់តូបលក់ដូរ​តាមចិញ្ចើមផ្លូវ​ទាំងអស់ រួមទំាងតូបលក់​សម្លៀកបំពាក់ ឬលក់ម្ហូប អាហារ​ជាដើម នឹងត្រូវទទួលការ​ហាមមិនឱ្យធ្វើអាជីវកម្ម​ នៅតាម​ដងផ្លូវសំខាន់ៗមួយចំនួនក្នុង​ទីក្រុងបាងកក ហើយការសម្រេចចិត្តបែបនេះ គឺដើម្បីអានាម័យ សណ្ដាប់ធ្នាប់ និងសោភណភាពទីក្រុង»

ទោះបីជាយ៉ាងណាក៏ដោយអ្នកលក់ដូរ និងអ្នករស់នៅក្នុង​ទីក្រុងបាងកក​បានសម្ដែងការ​ខឹងសម្បារ និងរិះគន់យ៉ាងខ្លាំង​លើការហាមប្រាមនេះ។ ជាក់ស្ដែងទីក្នាក់ងារ​ទេសចរណ៍​ម្នាក់ គឺលោក Chiwan Suwannapak បាននិយាយថា ចំណាត់ការ​របស់អាជ្ញាធរក្រុង នឹងធ្វើឱ្យប៉ះពាល់ដល់​វប្បធម៌ថៃ។ «បើសិនជាអ្នកចង់បោសសម្អាត​រាល់អ្នកលក់ដូរ​តាមចិញ្ចើមផ្លូវទាំងអស់ នោះវាប្រៀប​បានដូចជាអ្នក​បោសសម្អាត វប្បធម៌របស់យើង​ចេញអីចឹងដែរ»។ នេះបើតាម Chiwan Suwannapak។

គួរបញ្ជាក់ថា ចាប់តាំងពី​មានរដ្ឋប្រហារយោធា​កាលពីឆ្នាំ២០១៤ រដ្ឋាភិបាល​យោធាថៃបានសន្យាថា​ នឹងលើកកម្ពស់សីលធម៌ និងសណ្ដាប់ធ្នាប់​ឡើងវិញ។ ក៏ប៉ុន្តែការអនុវត្តន៍​របស់រដ្ឋាភិបាល​យោធាថៃ ក៏បានបង្កជាការរិះគន់​មិនតិចនោះដែរ ដោយក្នុងនោះ​អ្នកខ្លះអះអាងថា ចំណាត់ការមួយ​ចំនួនរបស់​រដ្ឋាភិបាល​យោធាថៃ​ មិនអាចជួយអ្វី​បានឡើយ ក្រៅតែ​ពីបង្កឱ្យមានភាពស្មុគស្មាញ​កាន់តែខ្លាំង៕