(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃអង្គារនេះបានអំពាវនាវឲ្យមានការដោះ​ស្រាយ​​បញ្ហា​​កូរ៉េ​​ខាង​​ជើងដោយ​​សន្តិ​វិធី ខណៈអនុប្រធានាធិបតីអាមេរិកលោក Mike Pence ក៏បានឆ្លើយតបទៅវិញថា ទីក្រុងវ៉ាស៊ីនតោនមានជម្រើសគ្រប់បែបយ៉ាង ក្នុងការត​ទល់គ្នា​​ជាមួយ​​ទីក្រុង ​ព្យុង​យ៉ាង ប៉ុន្តែប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្តេជ្ញាយ៉ាងមុតមាំថា នឹងរួមសហការជាមួយជប៉ុន កូរ៉េខាងត្បូង ក៏​ដូច​ជា​ចិន ដើម្បីស្វែងរកដំណោះស្រាយ​សន្តិភាពដ៏សាកសម។ នេះបើតាមការចេញ​ផ្សាយ​ដោយសារព័ត៌មាន ​Channel News Asia នៅមុននេះ​បន្តិចនាព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងជំនួបពិភាក្សារវាងលោកទាំងពីរនៅឯទីក្រុងតូក្យូ បន្ទាប់​ពី​មេដឹក​នាំ​ជប៉ុន​បាន​អំពាវ​នាវ​ឲ្យគ្រប់ភាគីទាំងអស់ធ្វើការដោះស្រាយ​បញ្ហា​​ប្រកប​ដោយ​សន្តិវិធី លោក Mike Pence ​បានលើកឡើងថា «យើងពិតជាសូមកោតសរសើរ ចំពោះការស៊ូទ្រាំ​អត់ធ្មត់របស់​ប្រជាជាតិជប៉ុន នៅ​ក្នុង​ពេល​វេលា​​ដ៏លំបាក នៃការកើនឡើង​នូវសកម្មភាពបង្ក​​រឿងនៅឯសមុទ្រជប៉ុន ហើយពួកយើង​គាំទ្រអ្នកមួយ​រយភាគរយ»

នា​ឱកាស​នោះ​​លោក​អនុប្រធានាធិបតី​អាមេរិក ក៏បានបញ្ជាក់​ទៀតថា ទោះបីសម័យកាល​នៃគោលនយោបាយអត់ធ្មត់ជា​យុទ្ធសាស្រ្ត​​ត្រូវ​បាន​បញ្ចប់​​ ហើយជម្រើសទាំងអស់កំពុង​ស្ថិតក្រោមការពិចារណា​យ៉ាងណាក្តី​ ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹង​នៅ​តែ​បន្ត​រួម​សហ​ការ​យ៉ាងជិតស្និទ្ធ​ជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង រួមទាំងចិនផងដែរ ដើម្បីស្វែងរកដំណោះ​ស្រាយសន្តិភាព​ជាមួយកូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា អនុប្រធានាធិបតី​អាមេរិកលោក Mike Pence បានទៅដល់ប្រទេស​កូរ៉េខាងត្បូង ក្នុងពេល​តែ​ប៉ុន្មាន​​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង​ធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយ​អ្នក​ជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាត្រូវបានធ្វើឡើងឡើង មួយថ្ងៃក្រោយនៃការធ្វើព្យុហយាត្រាអបអរ​ខួប​កំណើត​ទី១០៥ឆ្នាំ នៃបិតាស្ថាបនិក​កូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕