(ហាណូយ)៖ សកម្មជន និងក្រុមអ្នកតវ៉ារឿងជម្លោះដីធ្លីក្នុងទីក្រុងហាណូយ​ប្រទេស​វៀតណាម ទើបតែ​ធ្វើការដោះលែង​មេបញ្ជាការប៉ូលិស និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ក្នុងចំណោមអ្នកដែលត្រូវបាន​ចាប់ខ្លួន​សរុប ៣០នាក់ បន្ទាប់ពីពួកគេត្រូវបានចាប់ជាចំណាប់​ខ្មាំង កាលពី​ថ្ងៃសៅរ៍សប្តាហ៍​មុននេះ ក្រោយកម្តៅ​នៃជម្លោះដីធ្លីកាន់តែ​ច្រាលឡើង។ នេះបើតាមការដក​ស្រង់​ព័ត៌មានពី Channel News Asia នារសៀល​ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

ប្រជាជនដែល​រស់នៅសង្កាត់ My Duc ជាយទីក្រុង​ហាណូយ បានធ្វើការចោទប្រកាន់​ទៅអាជ្ញាធរក្នុងតំបន់​អំពីការលេបយកដី​របស់ពួកគេ ទៅឲ្យក្រុមហ៊ុនវិនិយោគ​គំរោងទូរគមនាគមន៍មួយ ដោយគ្មាន​ការសង​ជាសំណងដែលពួកគេអាចទទួល​យកបាន។ នេះបើតាម​សម្តីមេធាវីមួយរូប ដែលបានចូល​រួមចរចាគ្នា រហូតដល់អាចដោះលែង​មន្ត្រីរដ្ឋាភិបាល និងប៉ូលិសមួយចំនួន​ចេញពីការចាប់ជាចំណាប់ខ្មាំង​ខាងលើនេះ។

តាមសម្តីរបស់​មន្ត្រីរដ្ឋាភិបាល​ក្នុងតំបន់ខាងលើនេះ​ឲ្យដឹងថា ប្រជាជនទាំង​នោះមិនមែន​ជាម្ចាស់របស់ដី​ដែលពួកគេអះអាង​សិទ្ធិនោះឡើយ។ ពីដំបូងឡើយ​គឺប្រជាជនជាអ្នកតវ៉ារឿងដីធ្លី ០៤នាក់ត្រូវបានចាប់ខ្លួន ដោយក្នុងនោះរួមមានទាំងលោកតា វ័យ ៨៣ឆ្នាំម្នាក់ដែលជាចៅសង្កាត់ My Duc នោះផងដែរ។ តាមពិតទៅ​ប្រជាជន​​បានបង្ខំចិត្តចាប់ខ្លួនប៉ូលិស និងមន្ត្រីរដ្ឋាភិបាល ៣០នាក់ធ្វើជាចំណាប់ខ្មាំងនោះ ក៏ព្រោះតែចង់ទាមទារ​ឲ្យមានការដោះ​លែង​សកម្មជន​ពួកគេ ០៤នាក់ដែលត្រូវបានអាជ្ញាធរ​ចាប់ខ្លួននោះឯង៕