(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងថា ខ្លួនមិនរំពឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងគូសបន្ទាត់ក្រហម (ព្រំដែននៃបញ្ហា ដើម្បីកុំភាគីណាមួយដើរលើស) ទៅលើបញ្ហា​នុយ​ក្លេ​អ៊ែរនៅ​ឧប​​ទ្វីប​កូរ៉េនោះឡើយ ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តសហការជាមួយចិន ដើម្បីដោះស្រាយបញ្ហាដ៏តានតឹងនេះ។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​សេតវិមាន​លោក សន ស្ពៃសឺ បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មានថា «ការគូសបន្ទាត់​ក្រហមពិតជាមិនអាច​ជួយអ្វី​បាន​ទាំងអស់ដូចកាល​ពីលើក​មុនៗមក ហើយ​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបិទបាំង​សន្លឹកបៀររបស់​លោកយ៉ាងជិត​បំផុត ដែលខ្ញុំយល់ថា​​ លោក​ ត្រាំ នឹង​មិនលាតត្រដាង​ឲ្យអ្នកបាន​ដឹងចំណាត់ការ​ឆ្លើយតបរបស់​លោក​នោះទេ ប៉ុន្តែលោក​ប្រធានាធិបតី មិនមានគម្រោង​ក្នុងការគូសខ្សែ​​បន្ទាត់ក្រហម​នៅលើដីខ្សាច់​ឡើយ»

គួរបញ្ជាក់តាម​លោក ស្ពៃសឺ ថា យ៉ាងណាមិញ​ការសម្រេចចិត្ត​របស់សហរដ្ឋ​អាមេរិក ក្នុងការវាយ​ប្រហារគ្រាប់​មីស៊ីលទៅលើ​មូលដ្ឋាន​ទ័ព​អាកាសស៊ីរី កាលពីពេល​កន្លងទៅនេះ គឺជាសញ្ញា​មួយបង្ហាញថា លោក ដូណាល់ ត្រាំ អាចនឹង​ប្រើ​ប្រាស់​មធ្យោបាយគ្រប់បែប​យ៉ាងនៅ​ក្នុង​ករណី​ដែលចាំបាច់។ ម៉្យាងវិញទៀតទីក្រុងវ៉ាស៊ីនតោន ក៏នឹងមិនបញ្ឈប់​ការសហការគ្នា​ជាមួយចិន ដើម្បីដោះស្រាយ​បញ្ហានុយក្លេអ៊ែរ​នៅឧបទ្វីប​កូរ៉េដែរ៕