(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅទូរស័ព្ទទៅកាន់សមភាគីតួកគី លោក រ៉េសិប តាយយីប អឺដូហ្កាន់ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីអបអរសាទរជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតប្រជាមតិស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយទទួលសំឡេងគាំទ្រ ៥១ភាគរយ កាលពីថ្ងៃអាទិត្យ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសេតវិមានអាមេរិក ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

ប្រតិកម្មរបស់​លោក ត្រាំ នៅពេលនេះ​គឺផ្ទុយទំាងស្រុង​ទៅនឹងបណ្ដា​មេដឹកនាំអឺរ៉ុប និងក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅក្នុងប្រទេសតួកគី ដែល​បានបង្ហាញក្ដី​ព្រួយបារម្ភ និងរិះគន់​លើការបោះឆ្នោត​ប្រជាមតិនេះ។ សេតវិមាននៅ​ក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន បានឱ្យដឹង​យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ បានហៅទូរស័ព្ទទៅកាន់ប្រធានាធិបតី​តួកគី លោក រ៉េសិប តាយយ៉ីប អឺដូហ្កាន់ ដើម្បីអបអរ​សាទរជ័យជម្នះ ទៅលើការបោះឆ្នោតប្រជាជាមតិ ហើយ​មេដឹកនាំ​ទំាងពីរក៏បាន​ពិភាក្សាគ្នាផងដែរ ទាក់ទិននឹង​សកម្មភាព​របស់សហរដ្ឋអាមេរិក ឆ្លើយតប​ទៅនឹង​របបដឹកនាំស៊ីរី ជុំវិញការចោទ​ប្រកាន់ថា បានប្រើប្រាស់​អាវុធគីមី​សម្លាប់មនុស្ស​រាប់សិបនាក់​កាលពី​ថ្ងៃទី០៤ ខែមេសា ព្រមទំាំងកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទំាងពីរ​ក្នុងការកម្ចាត់​ពួក ISIS»

គួរបញ្ជាក់ថា ផ្អែកលើការ​បោះឆ្នោតប្រជាមតិ​លើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រធានាធិបតី​តួកគី លោក អឺដូហ្កាន់ នឹងកាន់តែមានអំណាចខ្លាំង​ជាងមុនទៅទៀត រហូតដល់មាន​សិទ្ធិរំលាយសភា និងតែងតាំង​រដ្ឋមន្ត្រីជាដើម ហើយមិនតែប៉ុណ្ណោះ​លោក អឺដូហ្កាន់ ផ្ទាល់ក៏បានសន្យាដែរថា លោកអាច​នឹងរៀបចំ​ការបោះឆ្នោតប្រជាមតិមួយផ្សេងទៀត លើការដាក់​ឱ្យដំណើរការឡើងវិញ​ទោសប្រហារជីវិត​នៅក្នុងប្រទេស​តួកគី៕