(ប៉ារីស)៖ បន្ទាប់ពីមាន​បាតុកម្មផ្ទុះឡើង ដែលប៉ុនប៉ងដើម្បីបង្កភាពរាំងស្ទះដល់ការជួបជុំជាមួយអ្នកគាំទ្រ បេក្ខភាពប្រធានាធិបតី​បារាំងដ៏​មាន​ប្រជា​ប្រិយមួយរូប គឺលោកស្រី Marine Le Pen បានគូសបញ្ជាក់ យ៉ាងមុតមាំសាជាថ្មីម្តងទៀត ចំពោះពាក្យសន្យារបស់លោកស្រីក្នុង​ការការពារប្រទេសបារាំង ពីទុក្ខសោកទាំងឡាយ ដែលកើតចេញពីពិភពសកលភាវូបនីយកម្ម រួមទាំងបញ្ហាអន្តោប្រវេសន៍ ដ៏យ៉ាប់យឺននោះ។ នេះ​បើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​ក្រុមអ្នកគាំទ្រ​ជាច្រើននាក់ នៅភាគឦសាន​នៃទីក្រុងប៉ារីសនា​ថ្ងៃចន្ទ លោកស្រី Le Pen ដែលមានគោល​ជំហរប្រឆាំង​នឹង​​​សហភាពអឺរ៉ុបបាន​សង្កត់​ធ្ងន់​​ថា​ ​បញ្ហា​អន្តោ​ប្រវេសន៍​មិនមែនជា​ឱកាសនោះឡើយ ប៉ុន្តែគឺជាសោកនាដកម្ម​មួយទៅវិញ​ទេ​​សម្រាប់​ប្រទេស​​បារាំង ហើយប្រសិន​បើ​លោកស្រីជាប់ឆ្នោតក្លាយជាប្រធានាធិបតី អ្នកនយោបាយ​ស្តាំ​និយមរូបនេះ បានសន្យាថា​ នឹងដឹកនាំ​ប្រទេសបារាំង​ចាកចេញ​ពី​​​ភាពវឹកវរនេះ។ ជាមួយ​គ្នានោះ លោកស្រី Le Pen ក៏បានលើក​ឡើងដែរថា នឹងផ្លាស់ប្តូរទិសដៅ​របស់បារាំង​ចេញពី​សហភាពអឺរ៉ុប ដោយការដក​ខ្លួនចេញ​ពីកិច្ចព្រមព្រៀង​មួយចំនួន។

គួរបញ្ជាក់ថា បរិយាកាស​នៅក្នុងរដ្ឋធានី​នៃប្រទេសបារាំង កំពុងស្ថិត​ក្នុងស្ថានភាព​យ៉ាងក្តៅគគុក ហើយក៏មានការប៉ះទង្គិច​គ្នា​​បន្តិច​បន្តួច​ផង​ដែរ ​នៅ​​ក្បែរកន្លែង​ជួបជុំរបស់​លោកស្រី Le Pen ប៉ុន្តែត្រូវបាន​កម្លាំងសន្តិសុខ​បង្រ្កាបភ្លាមៗ។ ដោយឡែក​ខណៈពេលដែល​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំដំបូង នឹងប្រព្រឹត្តទៅ​នាថ្ងៃអាទិត្យសប្តាហ៍នេះ​ហើយនោះ លោកស្រី Le Pen នឹងបេក្ខជន​ប្រធានាធិបតីមួយរូប​​ទៀតគឺលោក Manuel Macron កំពុងទទួលបានសំឡេងគាំទ្រប្រកៀក​ប្រកិតគ្នាយ៉ាងស្វិតស្វាញបំផុត៕