(សេអ៊ូល)៖ កូរ៉េខាងជើងជាថ្មីម្ដងទៀតតាមរយៈតំណាងពិសេសរបស់ខ្លួន ប្រចំាអង្គការសហប្រជាជាតិ UN លោក Kim In Ryong បានព្រមានថា សង្រ្គាមនុយក្លេអ៊ែរ អាចនឹងផ្ទុះឡើងគ្រប់ពេលវេលាជាមួយ​សហរដ្ឋអាមេរិក នៅក្នុងករណីមានការវាយប្រហារណាមួយមកលើប្រទេសកុម្មុយនីស្ដឯកោមួយនេះ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ​របស់ លោក Kim In Ryong ធ្វើឡើងបន្ទាប់ពី​អនុប្រធានាធិបតី​អាមេរិក លោក Mike Pence បានប្រាប់កូរ៉េខាងជើងត្រង់ៗថា កុំចង់ព្យាយាម សាកល្បងជាមួយការ​អត់ធ្មត់របស់​សហរដ្ឋអាមេរិក ហើយថា​ ការបាញ់សាកល្បងមីស៊ីល​បរាជ័យកាលពី​ព្រឹកថ្ងៃ អាទិត្យពី​សំណាក់ទីក្រុងព្យុងយ៉ាង​គឺជាចេតនា​បង្ករឿងសុទ្ធសាធ។

ទោះបីយ៉ាងណាថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯ UN លោក Kim In Ryong បានចោទប្រកាន់ថា ភាពតានតឹង​កើតឡើងដោយសារ​តែសហរដ្ឋអាមេរិក ដាក់ពង្រាយ​អាវុធយុទ្ធសាស្ត្រ​ នៅក្នុងសមយុទ្ធយោធាប្រចាំឆ្នាំជាមួយ​កូរ៉េខាងត្បូង និងបញ្ជូន​កងនាវា​ចម្បាំង​មកក្បែរតំបន់​ឧបទ្វីបកូរ៉េ ដែលនេះ​គឺជាសកម្មភាព​មួយត្រៀម​ឈ្លានពាន​កូរ៉េខាងជើង ព្រមទំាងធ្វើឱ្យ​តំបន់ឧបទ្វីបកូរ៉េ ស្ថិតនៅមាត់​ជ្រោះនៃសង្រ្គាម។ លោក Kim បន្ថែមដូច្នេះថា​ «សហរដ្ឋអាមេរិកបានបង្កឱ្យស្ថានភាព​បច្ចុប្បន្នប្រែជា​គ្រោះថ្នាក់ ហើយសង្រ្គាម​នុយក្លេអ៊ែរ អាចនឹង​ផ្ទុះឡើងគ្រប់ពេលវេលា នៅក្នុងតំបន់ឧបទ្វីកូរ៉េ ដែលនេះនឹងគំរាមកំហែងដល់​សន្តិសុខ និងសន្តិភាព​ពិភពលោក​ទំាងមូល (...) កូរ៉េខាងជើងបានត្រៀម​ខ្លួនរួចស្រេច​ក្នុងការធ្វើ​សង្រ្គាមតាម​ដែលសហរដ្ឋអាមេរិកចង់បាន»

គួរបញ្ជាក់ថា បើតាមលោក Kim In Ryong កូរ៉េខាងជើង បានផ្ញើលិខិត​ជាច្រើនដង​ទៅកាន់អង្គការ​សហប្រជាជាតិ ដើម្បីថ្កោលទោស​ចំពោះសកម្មភាព​រំលោភបំពាន របស់សហរដ្ឋ​អាមេរិក ប៉ុន្តែពួកគេមិន​បានរវីលរវល់​នោះទេ ខណៈកូរ៉េខាងជើង​ខ្លួនឯង​បានរំលោភជាច្រើនដងលើ​ដំណោះស្រាយ​ក្រុមប្រឹក្សា​សន្តិសុខ UN។

តាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី១៨ ខែមេសានេះបានឲ្យដឹងថា កូរ៉េខាងជើងនឹងបន្តសាកល្បងមីស៊ីល បើទោះបីមានការថ្កោលទោសពីអន្តរជាតិ និងការកើនឡើងភាពតានតឹងផ្នែកយោធាជាមួយសហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមអនុរដ្ឋមន្រ្តី ក្រសួងការបរទេស កូរ៉េខាងជើងលោក Han Song-Ryol ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន BBC ឲ្យដឹងយ៉ាងដូច្នេះ។

លោក Han Song-Ryol អនុរដ្ឋមន្ត្រីការបរទេសបានថ្លែងប្រាប់លោក John Sudworth ភ្នាក់ងារព័ត៌មានរបស់ BBC នៅក្នុងកិច្ចសម្ភាសន៍ នាទីក្រុងព្យុងយ៉ាង ឲ្យដឹងយ៉ាងដូច្នេះថា «យើងនឹងត្រូវធ្វើការបាញ់សាកល្បងមីស៊ីលបន្ថែមទៀត នៅលើមូលដ្ឋានជាប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ»។ លោកបានបន្តប្រាប់ថា សង្គ្រាមទាំងអស់នឹងចាប់ផ្តើម ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធា»។

កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា អនុប្រធានាធិបតីអាមេរិក បានទៅដល់កូរ៉េខាងត្បូង ដោយបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយអ្នក​ជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាកើតឡើងក្រោយ មួយថ្ងៃនៃការធ្វើព្យុហយាត្រា អបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិក​កូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕