(សេអ៊ូល)៖ អនុប្រធានាធិបតី​អាមេរិក លោក Mike Pence នៅថ្ងៃអង្គារនេះបាននិយាយថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងពិនិត្យឡើងវិញក៏ដូចជាកែទម្រង់កិច្ចព្រមព្រៀងពាណិជ្ជកម្ម រយៈពេល០៥ឆ្នាំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះមុខ​ថ្នាក់ដឹកនាំពាណិជ្ជកម្មធំៗ​នៅក្នុងទីក្រុង​សេអ៊ូល លោក  Pence បានគូស​បញ្ជាក់ថា ឱនភាព​ពាណិជ្ជកម្ម​អាមេរិក បានកើនឡើងទ្វេដងនា​រយៈពេល​០៥ឆ្នាំចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​រវាង​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង​សេអ៊ូល ខណៈឧបសគ្គ​ជាច្រើន​ក៏បានរាំងស្ទះ​ផងដែរ ដល់ពាណិជ្ជកម្ម​អាមេរិកនៅ​កូរ៉េខាងត្បូង។ ជាក់ស្ដែង​នៅមុនពេល​មានកិច្ចព្រមព្រៀង​ពាណិជ្ជកម្មនេះ ចូលជាធរមាន​កាលពីឆ្នាំ២០១២ ការធ្វើពាណិជ្ជកម្ម​លើសរបស់​កូរ៉េខាងត្បូង​ឈរនៅ​ត្រឹមតែ ១១.៦ពាន់​លានដុល្លារនៅចុង​ឆ្នាំ២០១១ និង កើនដល់ ២៣.២ពាន់​លានដុល្លារ​ក្នុងឆ្នាំ២០១៦។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរ​ទស្សនកិច្ច​នៅកូរ៉េខាងត្បូង​នៅថ្ងៃអង្គារនេះ អនុប្រធានាធិបតី​លោក Mike Pence​ នឹងបន្តបំពេញ​ទស្សនកិច្ចទៅកាន់ទីក្រុង​តូក្យូ៕