(អាមេរិក)៖ មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿង បានធ្លាក់នៅក្នុងទីក្រុង Leonardtown នៃរដ្ឋ Maryland ភាគខាងកើតអាមេរិកនៅថ្ងៃចន្ទ ទី១៧ ខែមេសា (ពេលវេលានៅវ៉ាស៊ីនតោន) ខណៈដែលម្នាក់ទៀតអាចរំដោះខ្លួនឯងចេញពីលើ​យន្តហោះបានទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

សារព័ត៌មាន News Net ប្រចាំរដ្ឋខាងលើនេះបានចេញផ្សាយថា មនុស្សនៅលើឧទ្ធម្ភាគចក្រនោះមាន​ចំនួន ០៤នាក់ ដោយក្នុងនោះម្នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់, ពីរនាក់កំពុងជាប់នៅក្នុងតួឧទ្ធម្ភាគចក្រ ដោយមិនទាន់ដឹងថាជោគវាសនាយ៉ាងណា, និងម្នាក់ទៀតបានរំដោះខ្លួនឯងចេញដោយសុវត្ថិភាព។

អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានបញ្ជាក់ឲ្យដឹងថា ពីដំបូងឡើយគេឃើញឧទ្ធម្ភាគចក្រខាងលើនេះ ហោះហើរក្នុងរយៈកម្ពស់ទាបខុសពីធម្មតា ហើយបន្តិចក្រោយមកវាក៏វិលវល់ និងរមួលនៅលើផ្ទៃ​វាលស្មៅនៃទីលានវាកូនហ្គោលតែម្តង។ មូលហេតុនៃការធ្លាក់នេះ ត្រូវបានយោធាអះអាងថា បណ្តាលមក​ពីកំហុសបច្ចេកទេស នៃការបញ្ជាឧទ្ធម្ភាគចក្រឲ្យចុះចត៕