(កូរ៉េខាងជើង)៖ តាមសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិចនាយប់ជ្រៅឆ្លងចូលថ្ងៃទី១៨ ខែមេសានេះបានឲ្យដឹងថា កូរ៉េខាងជើងនឹងបន្តសាកល្បងមីស៊ីល បើទោះបីមានការថ្កោលទោសពីអន្តរជាតិ និងការកើនឡើងភាពតានតឹងផ្នែកយោធាជាមួយសហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមអនុរដ្ឋមន្រ្តី ក្រសួងការបរទេស កូរ៉េខាងជើងលោក Han Song-Ryol ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន BBC ឲ្យដឹងយ៉ាងដូច្នេះ។

លោក Han Song-Ryol អនុរដ្ឋមន្ត្រីការបរទេសបានថ្លែងប្រាប់លោក John Sudworth ភ្នាក់ងារព័ត៌មានរបស់ BBC នៅក្នុងកិច្ចសម្ភាសន៍ នាទីក្រុងព្យុងយ៉ាង ឲ្យដឹងយ៉ាងដូច្នេះថា «យើងនឹងត្រូវធ្វើការបាញ់សាកល្បងមីស៊ីលបន្ថែមទៀត នៅលើមូលដ្ឋានជាប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ»។ លោកបានបន្តប្រាប់ថា សង្គ្រាមទាំងអស់នឹងចាប់ផ្តើម ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធា»។

សូមជំរាបថា នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence ទៅកាន់តំបន់ព្រំដែនគ្មានកងទ័ព DMZ រវាងប្រទេស​កូរ៉េទាំងពីរ លោក Mike Pence បានថ្លែងព្រមានចំពោះកូរ៉េខាងជើង «កុំចង់សាកល្បងចំពោះភាពអត់ធ្មត់របស់អាមេរិក ឬក៏កម្លាំងនៃយោធារបស់អាមេរិកឲ្យសោះ!»។ លោកបានបន្តថា សម័យកាលនៃភាព អត់ធ្មត់ជាយុទ្ធសាស្ត្រ បានបញ្ចប់ហើយ, ចិនគួរដាក់សម្ពាធឲ្យធ្ងន់ធ្ងរបំផុតដល់កូរ៉េខាងជើង។

លោក Pence ដែលបានហៅការធ្វើតេស្តមីស៊ីលកូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យថា «ជាការបង្កហេតុ» ហើយវាពិតជាបង្ក​គ្រោះថ្នាក់ទាំងនៅតំបន់ឧបទ្វីបកូរ៉េ និងសហរដ្ឋអាមេរិកផងដែរ។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ មានក្តីរំពឹងខ្ពស់ថា ប្រទេសចិននឹងប្រើប្រាស់ទម្ងន់ដ៏អស្ចារ្យរបស់ខ្លួន ដាក់សម្ពាធទៅ​លើប្រទេសកូរ៉េខាងជើង ឲ្យលះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីល។

កាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា អនុប្រធានាធិបតីអាមេរិក បានទៅដល់កូរ៉េខាងត្បូង ដោយបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយអ្នក​ជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាកើតឡើងក្រោយ មួយថ្ងៃនៃការធ្វើព្យុហយាត្រា អបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិក​កូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕