(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិក​គ្មាន​ជម្រើសអ្វីក្រៅ​ តែពីការពង្រីកអំណាចយោធា ដែលការថ្លែងនេះលោក ចង់សំដៅទៅ​ចំណាត់ការថ្មីៗ ដែលអាមេរិកទើបអនុវត្តន៍ ដូចជាការទម្លាក់មហាកំពូលគ្រាប់បែក Mother of all Bombs នៅអាហ្វហ្គានីស្ថាន ព្រមទាំងការបាញ់មីស៊ីល នៅស៊ីរីជាដើម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នារសៀលថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានបញ្ជាក់តាមបណ្តាញ Twitter ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «យោធារបស់យើងកំពុងតែបង្កើនឥទ្ធិពល និងកំពុងក្លាយជាយោធាដ៏ខ្លាំងបំផុត មិនធ្លាប់មានពីមុន​មក»។ ការថ្លែងរបស់លោក ត្រាំ ធ្វើឡើងខណៈដែលមនុស្សជំនិតរបស់លោក គឺអនុប្រធានាធិបតី Pence កំពុងបំពេញទស្សនកិច្ចនៅតំបន់អាស៊ី ដែលចាប់ផ្តើមពីកូរ៉េខាងត្បូងមុនគេ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះសហរដ្ឋអាមេរិក ហាក់បង្ហាញសាច់ដុំយោធា និងការវាយលុក​ទ្រង់ទ្រាយធំមិនធ្លាប់មាន ដូចជាការបាញ់មីស៊ីល ៥៩គ្រាប់លើស៊ីរី, ការធ្វើតេស្តមហាកំពូលគ្រាប់បែក MOAB ដ៏ខ្លាំងក្លាដែលមានទម្ងន់ជិត ១០តោននៅអាហ្វហ្គានីស្ថាន, និងការចល័ត​នាវាដឹក​យន្តហោះ​ចម្បាំងទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីកំញើញកូរ៉េខាងជើងជាដើម៕