(សេអ៊ូល)៖ នៅក្នុងដំណើរបំពេញទស្សនកិច្ច ទៅកាន់តំបន់ព្រំដែនគ្មានកងទ័ព DMZ រវាងប្រទេស​កូរ៉េទាំងពីរ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានថ្លែង ព្រមានចំពោះកូរ៉េខាងជើង «កុំចង់សាកល្បងចំពោះភាពអត់ធ្មត់របស់អាមេរិក ឬក៏កម្លាំងនៃយោធារបស់អាមេរិកឲ្យសោះ!»។ លោកបានបន្តថា សម័យកាលនៃភាព អត់ធ្មត់ជាយុទ្ធសាស្ត្រ បានបញ្ចប់ហើយ, ចិនគួរដាក់សម្ពាធឲ្យធ្ងន់ធ្ងរបំផុតដល់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ABC នារសៀលថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧។

លោក Pence ដែលបានហៅការធ្វើតេស្តមីស៊ីលកូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យម្សិលមិញថា ជាការបង្កហេតុនោះបានប្រាប់អ្នកសារព័ត៌មាននានានៅក្បែរតំបន់ DMZ ថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ មានក្តីរំពឹងខ្ពស់ថា ប្រទេសចិននឹងប្រើប្រាស់ទម្ងន់ដ៏អស្ចារ្យរបស់ខ្លួន ដាក់សម្ពាធទៅ​លើប្រទេសកូរ៉េខាងជើង ឲ្យលះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីល។

គួរបញ្ជាក់តាមសម្តីលោក Pence ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនានារបស់ខ្លួន នឹងសម្រេចអ្វី ​ដែលខ្លួនចង់បានតាមរយៈមធ្យោបាយសន្តិភាព ឬក៏អាចប្រើប្រាស់វិធីអ្វី ក៏ដោយតាមដែលអាច​ធ្វើទៅបាន ដើម្បីការពារកូរ៉េខាងត្បូង និងរក្សាស្ថិរភាពនៅក្នុងតំបន់។ នៅថ្ងៃអាទិត្យម្សិលមិញនេះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានលើកឡើងថា ការបាញ់មីស៊ីល​បរាជ័យរបស់កូរ៉េខាងជើងនៅព្រឹកថ្ងៃអាទិត្យ គឺជាការបង្កហេតុសុទ្ធសាធ ហើយវាពិតជានឹងបង្ក​គ្រោះថ្នាក់ទាំងនៅតំបន់ឧបទ្វីបកូរ៉េ និងសហរដ្ឋអាមេរិកផងដែរ។

ក្រៅពីការលើកឡើងរបស់លោក Pence ខាងលើនេះ ខាងសេតវិមានអាមេរិកក៏បានប្រកាសដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានត្រៀមកញ្ចប់នៃជម្រើសរួចហើយ ដើម្បីឆ្លើយតបនឹងបញ្ហា​​កូរ៉េខាងជើងនេះមានទាំងយោធា ការទូត និងជម្រើសផ្សេងៗទៀត ដែលរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ។

លោក Pence បានលើកឡើងអំឡុងពេលលោកកំពុងមានវត្តមាននៅកូរ៉េខាងត្បូងយ៉ាងដូច្នេះថា «ការបង្កហេតុដោយកូរ៉េខាងជើង គឺជាការក្រើនរំលឹកចុងក្រោយ នៃហានិភ័យ ដែលអ្នក​ប្រឈមមុខជារៀងរាល់ថ្ងៃ នៅក្នុងការការពារសេរីភាពនៃប្រជាជនរបស់កូរ៉េខាងត្បូង និងកិច្ចការ​ពារ​ចំពោះអាមេរិក នៅក្នុងផ្នែកមួយនៃសកលលោក»

ការថ្លែងរបស់លោក Pence បានធ្វើឡើងនៅក្នុងមូលដ្ឋានយោធា Yongsan នៅក្នុងទីក្រុងសេអ៊ូល ​ប្រទេសកូរ៉េខាងត្បូង ដែលជាកិច្ចចាប់ដំបូងនៃទស្សនកិច្ចរយៈពេល ១០ថ្ងៃរបស់លោកនៅអាស៊ី។ លោក Pence បានពាំនាំពាក្យលោក ត្រាំ មកប្រាប់កងទ័ពអាមេរិកនៅកូរ៉េខាងត្បូង យ៉ាងដូច្នេះថា «យើងពិតជាមានមោទនភាពណាស់ ចំពោះអ្នក ហើយយើងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបេសកកម្មរបស់អ្នក»។

សម្រាប់ការធ្វើទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក មកកាន់កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យម្សិលមិញ បានកើតតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ត បាញ់មីស៊ីល ប៉ុន្តែបរាជ័យដោយអ្នក​ជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាកើតឡើងក្រោយ មួយថ្ងៃនៃការធ្វើព្យុហយាត្រា អបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិក​កូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕