(អាមេរិក)៖ ខ្សែភាពយន្តដ៏អស្ចារ្យ Fast and Furious ទី៨ ឬ Fast 8 បានបុកទំលុះខ្សែបន្ទាត់, ក្លាយជាខ្សែភាពយន្តដែលមានការបើកសម្ពោធធំជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយតាមតារាង Box office ភាពយន្តដែលគ្រប់គ្នាទន្ទឹងរង់ចាំ អស់រាប់ខែមកនេះអាចរកចំណូលបាន ៥៣២.៥លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ CNN នារសៀលថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧ ដោយយោងតាមក្រុមហ៊ុនផលិតភាពយន្ត Universal Pictures។

ការបំបែកកំណត់ក្នុងការចាប់ផ្តើមដាក់បញ្ចាំងដំបូងរបស់ Fast and Furious គឺបានផ្តួលកំណត់​ត្រាចាស់រឿង The Force Awaken របស់ Disney កាលពីឆ្នាំ២០១៥ ដែលរកចំណូលបានតែ ៥២៩លានដុល្លារប៉ុណ្ណោះ។ សម្រាប់ Fast and Furious «Fast8» ឥឡូវនេះត្រូវបាន​ដាក់បញ្ចាំងនៅ​​អាមេរិកខាងជើង និងទីផ្សារអន្តរជាតិ​ចំនួន ៦៣ប្រទេស ក្នុងនោះ​រួម​មានទីផ្សារធំៗ ដូចជា ចិន ចក្រភពអង់គ្លេស និងមិចស៊ីកូ ក្នុងនោះក៏មានកម្ពុជាផងដែរ។

ក្រៅពីការបំបែកកំណត់ត្រា នៃការរកចំណូលបានច្រើនបំផុតនៅថ្ងៃដាក់បញ្ចាំងដំបូង Fast and Furious «Fast8» ក៏បានបំបែកកំណត់ត្រាមួយទៀតដែរ នោះគឺជា ភាពយន្តដែល ធ្វើការចាប់ផ្តើមចាក់បញ្ចាំង នៅច្រើនប្រទេសជាងគេលើទីផ្សារអន្តរជាតិនានា ក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្តពិភពលោកតែម្តង។ ខ្សែភាពយន្តនេះ​​អាចរកបាន​ចំណូល ៤៣២.២លានដុល្លារ​ទៅហើយពីទីផ្សារ​អន្តរជាតិ និង១០០.២លានដុល្លារនៅក្នុងស្រុក (អាមេរិក)។ បើ​រំលឹក​ទៅរឿង Jurassaic World ដែលល្បីល្បាញកាលពីឆ្នាំ២០១៥ អាចរកបានតែ ៣១៦លានដុល្លារប៉ុណ្ណោះពីអន្តរជាតិ៕