(តួកគី)៖ ការបោះឆ្នោតប្រជាមតិនៅប្រទេសតួកគីថ្ងៃទី១៦ ខែមេសាម្សិលមិញនេះ នឹងផ្តល់អំណាចកាន់តែធំទៅប្រធានាធិបតីបច្ចុប្បន្ន។ អាជ្ញាធរត្រួតពិនិត្យការបោះឆ្នោត បានធ្វើការផ្លាស់ប្តូរដ៏ធំមួយលើសន្លឹកឆ្នោត។ នេះបើតាមសម្តីរបស់បក្សប្រឆាំងតួកគី ដែលត្រូវបានដកស្រង់ដោយវ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

សន្លឹកឆ្នោតនៃការបោះឆ្នោតប្រជាមតិដែលទើបនឹងបញ្ចប់នេះ មានភាពសាមញ្ញបំផុត។ នៅលើ ក្រដាសស្តើងនោះ​មានអក្សរតែ២ម៉ាត់គត់ យល់ព្រមនៅផ្នែកក្រដាសស និង មិនយល់ព្រមលើផ្នែក ក្រដាសត្នោត។ ប្រជាជនបោះឆ្នោតទទួលបានត្រាមួយដើម្បីបោះលើជម្រើសណាមួយ។ សន្លឹកឆ្នោតដែលបានបោះហើយនឹងត្រូវបានបិតត្រាផ្លូវការមួយពីលើ ដោយមន្ត្រីនៅនឹងកន្លែងបោះឆ្នោត។ ប៉ុន្តែក្រុមប្រឹក្សាភិបាលកំពូលត្រួតពិនិត្យការបោះឆ្នោត ហៅកាត់ YSK បានផ្លាស់ប្តូរច្បាប់នៅថ្ងៃបោះឆ្នោតតែម្តងថា សន្លឹកឆ្នោតដែលមិនមានត្រាផ្លូវការ ក៏ត្រូវបានទទួលស្គាល់ផងដែរ។

គណបក្សប្រឆាំងប្រកាសថា មានសន្លឹកឆ្នោត ១,៥ លានសន្លឹកដែលមិនមានត្រាផ្លូវការ ត្រូវបានរាប់បញ្ចូល ដូចសន្លឹកឆ្នោតដែលមានត្រាត្រឹមត្រូវ ហើយសន្លឹកឆ្នោតដែលមិនមាន ត្រាផ្លូវការទាំងនេះមិនសមបានការទទួលស្គាល់ឡើយ។ គណបក្សប្រឆាំងបានចោទសួរដែរថា YSK មានសិទ្ធិអ្វីទៅផ្លាស់ប្តូរច្បាប់ក្នុងការបោះឆ្នោត។

ប្រជាជនបានបង្ហាញពីកង្វល់នៃសន្លឹកឆ្នោតក្លែងក្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយ។ ចំណែកគេហទំព័រ របស់ YSK វិញបានបិទការផ្សាយផ្ទាល់នៃការរាប់សន្លឹកឆ្នោត ពេលរាប់បាន ៧០% ដល់ម៉ោង១១យប់ទើបប្រកាសថា គណបក្សកាន់អំណាចបានឈ្នះឆ្នោត ទទួលបានការគាំទ្រ ១,២៥ លានសម្លេង ច្រើនជាងការបោះឆ្នោតបដិសេធ។

ប្រធានាធិបតី រ៉េសិប តាយយីព អឺដូហ្គាន់ និងគណបក្សកាន់អំណាចបានប្រកាសថា ខ្លួនបានឈ្នះ ប៉ុន្តែ YSK ត្រូវពិនិត្យមើលពាក្យបណ្តឹងដែលគណបក្សប្រឆាំងបញ្ជូនទៅជាមុនសិន មុននឹងមាន ការប្រកាសជាផ្លូវការ។

ការក្លែងសន្លឹកឆ្នោតនេះជារឿងអាស្រូវមួយកើតឡើងក្រោយប្រទេសតួកគីមានចលាចលដោយ រដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា។ ក្រោយពីរដ្ឋប្រហារបរាជ័យនោះមក រដ្ឋាភិបាលបានធ្វើបន្សុទ្ធកម្ម ចាប់ឃុំខ្លួនអ្នកប្រឆាំងជា ជនស៊ីវិល អ្នកកាសែត និង អ្នកនយោបាយ ដែលនេះអោយ ជាផលប្រយោជន៍ដ៏ធំអោយបក្សកាន់អំណាច ដោយអ្នកប្រឆាំងដែលជាប់ឃុំខ្លួនបាត់បង់ឱកាស​ ក្នុងការបោះឆ្នោត។

សូមជំរាបថា ប្រជាពលរដ្ឋតួកគីទាំងអស់ បានចាប់ផ្តើមទៅធ្វើការបោះឆ្នោតប្រជាមតិ នៅព្រឹកថ្ងៃអាទិត្យ​ ទី១៦ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីកំណត់ជោគវាសនា ប្រទេសរបស់ពួកគេ តាមរយៈការគាំទ្រ ឬមិនគាំទ្រ ចំពោះកំណែទម្រង់រដ្ឋធម្មនុញ្ញ​ ដែលនឹងផ្តល់​អំណាចពេញដៃ​ដល់​ប្រធានាធិបតីនោះ។ ប្រសិនជាការបោះឆ្នោតទទួល បានពាក្យ «គាំទ្រ» នោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្លាស់ប្តូរ​ប្រព័ន្ធរដ្ឋាភិបាលពីសភានិយម ទៅជាប្រធានាធិបតីនិយម នឹងត្រូវធ្វើឡើង ក្នុងនោះគឺអំណាចនាយក​រដ្ឋមន្ត្រី នឹងត្រូវរំសាយចោល ដើម្បីប្រគល់អំណាចផ្តាច់មុខទៅដល់ប្រធានាធិបតីតួកគី លោក រ៉ាសិប តាយយីព អឺដូហ្គាន់ កាន់កាប់យ៉ាងសប្បាយ រីករាយតែម្តង។

គួរបញ្ជាក់ថា នៅមុនការបោះឆ្នោតធ្វើឡើងនៅថ្ងៃអាទិត្យ ប្រធានាធិបតីបច្ចុប្បន្នលោក អឺដូហ្គាន់ បានអំពាវនាវ និងបញ្ចុះបញ្ចូលប្រជាជនឲ្យឆ្លើយ «យល់ព្រម ឬ Yes» ដើម្បីឲ្យប្រទេសតួកគី អាចបង្កើតរបៀបដឹកនាំរដ្ឋាភិបាលផ្ទាល់ខ្លួនមួយ នោះគឺការប្រគល់អំណាចសម្រេចចិត្តដ៏ពេញលេញ​ដល់​ប្រធានាធិបតី ដើម្បីរក្សាឲ្យបាននូវស្ថិរភាពជាតិ និងអំណាចរដ្ឋាភិបាលដ៏មាំមួន។

ការបោះឆ្នោតបានប្រព្រឹត្តទៅនៅវេលាម៉ោង៧៖០០នាទីព្រឹក និងត្រូវបានបិទបញ្ចប់ នៅវេលាម៉ោង៤៖០០នាទីរសៀលថ្ងៃអាទិត្យ ម៉ោងនៅអ៊ីស្តង់ប៊ុល។ ប្រជាជនដែលមានសិទ្ធិចូលរួមបោះឆ្នោត មាន ៥៥លាននាក់ ក្នុងចំណោមប្រជាជនសរុបរបស់តួកគីជាង ៨០លាននាក់៕