(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMaster បាន​និយាយថា បញ្ហារបស់​កូរ៉េខាងជើង គឺឈានឡើងដល់​កម្រិតកំពូលហើយ ដោយពេលនេះយើងមានជម្រើស​គ្រប់យ៉ាងនៅ​លើតុរួចជាស្រេច ដោយត្រូវរង់ចាំ​ការវិវឌ្ឍន៍បន្ថែម​ទៀត ដើម្បីឆ្លើយតប​ទៅនឹងកម្មវិធី​នុយក្លេអ៊ែររបស់​កូរ៉េខាងជើង។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន CNN នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧។

ទោះបីជាលោក McMaster អះអាងថា បញ្ហាកូរ៉េខាងជើងកំពុងតែក្តៅគគុកក្តី ក៏លោកបានសង្កត់ធ្ងន់​ថា អាមេរិកមិនរំពឹងក្នុងការប្រើប្រាស់កម្លាំងយោធានោះឡើយ។ លោក McMaster បានលើកឡើង​​នៅ​ថ្ងៃអាទិត្យយ៉ាងដូច្នេះថា «លោកប្រធានាធិបតីបាន​បញ្ជាក់យ៉ាងច្បាស់​ហើយថា លោកនឹងមិន​​បណ្តោយឲ្យ​សហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្ត​នៅក្នុងតំបន់ទទួលរងការ​គំរាមពីរបបដឹកនាំ​ដ៏គគ្លើន​ ដែលមានអាវុធ​នុយក្លេអ៊ែរ​នោះឡើយ។ ហេតុដូច្នេះ​យើងនឹងធ្វើការងារ​ជាមួយគ្នា ជាមួយសម្ព័ន្ធមិត្ត និងដៃគូ ព្រមទាំងជាមួយរបបដឹកនាំ​ចិន ដើម្បីបង្កើត​នូវជំរើសនៃដោះស្រាយលើ​បញ្ហានេះ»។

គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានសហការជាមួយនឹងមន្ទីរបញ្ចកោណ និងក្រសួង​ការបរទេស ព្រមទាំងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនានា ដើម្បីស្វែងរកដំណោះស្រាយ ដោយនៅពេលនេះ វាត្រូវបានរៀបចំរួចរាល់ហើយសម្រាប់ដាក់ជូនលោក ដូណាល់ ត្រាំ ដែលដំណោះស្រាយនោះ គឺសម្រាប់ចាត់ការកូរ៉េខាងជើង នៅពេលដែលរដ្ឋនេះបញ្ចេញភាពគគ្លើន​បន្ថែមទៀត ដោយមិនព្រមស្តាប់តាមការអំពាវនាវរបស់អន្តរជាតិនោះ៕