(សេអ៊ូល)៖ សមយុទ្ធយោធាជើងអាកាសរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងទ្រង់ទ្រាយធំ បានចាប់​ផ្តើមទៀតហើយ ដោយមានការចូលរួមពីកងកម្លាំងសរុប ១,០០០នាក់ និងយន្តហោះចម្បាំងជាច្រើន​គ្រឿង ដើម្បីធ្វើការហ្វឹកហ្វឺនសមត្ថភាពប្រយុទ្ធនៅដែនអាកាស ត្រៀមទប់ទល់នឹងការបង្កហេត ​ណាមួយពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧។

សមយុទ្ធខាងលើនេះមានឈ្មោះថា Max Thunder នឹងត្រូវអូសបន្លាយរយៈពេលពីរសប្តាហ៍ ដែលស្ថិត​នៅក្នុងចំណោមសមយុទ្ធប្រចាំឆ្នាំ ដែលកូរ៉េខាងត្បូង-អាមេរិកតែងតែ ធ្វើផងដែរ ដែលលើកនេះវាត្រូវ​បាន​ចាប់ផ្តើមឡើងនៅឯមូលដ្ឋានទ័ពអាកាស Kunsan ស្ថិតនៅភាគនរិតីនៃឧបទ្វីបកូរ៉េ ហើយវា​ត្រូវបាន​រៀបចំឡើងស្របពេលដែលឧបទ្វីបកូរ៉េ កំពុងស្ថិតនៅក្នុង​ភាពតានតឹង ដោយសារតែ​ការធ្វើតេស្តមីស៊ីល​ថ្មី​របស់កូរ៉េខាងជើង​ កាលពីព្រឹកថ្ងៃម្សិលមិញ។

គួរបញ្ជាក់ថា សមយុទ្ធយោធា​ជើងអាកាសលើកនេះ មានការចូលរួមដោយយន្តហោះចម្បាំង​ទំនើបៗជាច្រើនរបស់​អាមេរិកដូចជា F-16s, AV-8Bs, និង EA-18Gs ដែលត្រូវបាននាំយក​ពីមូលដ្ឋានទ័ព​នៅកូរ៉េខាងត្បូង និងជប៉ុន។ ដោយឡែកកូរ៉េខាងត្បូង បានបញ្ជូនយន្តហោះ F-15k, F-5E និង F-4E ទៅចូលរួមសមយុទ្ធ រួមជាមួយនឹងយន្តហោះយោធាមួយចំនួនទៀតដែរ៕