(សេអ៊ូល)៖ នៅក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចរបស់លោក Mike Pence អនុប្រធានាធិបតីអាមេរិក​មកកាន់ប្រទេសកូរ៉េខាងត្បូងនោះ សេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា លោកនឹងទៅ​បំពេញទស្សនកិច្ចនៅតំបន់ព្រំដែនគ្មានកងទ័ព DMZ ដែលជាចំណុចរសើប និងជាតំបន់​ក្តៅដែលកូរ៉េទាំងពីរធ្លាប់ប្រយុទ្ធស៊ីសាច់គ្នា កាលពីជាង ៦០ឆ្នាំមុន។ នេះបើតាមការចេញផ្សាយ​ដោយបណ្តាញព័ត៌មានទាន់ហេតុការណ៍ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងច្បាស់ថានៅវេលាណាដែលលោក Pence នឹងទៅកាន់តំបន់ DMZ នោះឡើយ ប៉ុន្តែលោក Pence នឹងស្តាប់បទអត្ថាធិប្បាយជាបឋម របស់អគ្គមេបញ្ជាកងទ័ពអាមេរិក នៅកូរ៉េខាងត្បូងលោកឧត្តមសេនីយ៍ Vincent K. Brooks ជាមុនសិនចំពោះស្ថានភាពនៃកងកម្លាំង​អាមេរិក ដែលកំពុងតែប្រុងជើងការនៅកូរ៉េខាងត្បូងនោះ។

នៅថ្ងៃអាទិត្យម្សិលមិញនេះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានលើកឡើងថា ការបាញ់មីស៊ីល​បរាជ័យរបស់កូរ៉េខាងជើងនៅព្រឹកថ្ងៃអាទិត្យ គឺជាការបង្កហេតុសុទ្ធសាធ ហើយវាពិតជានឹងបង្ក​គ្រោះថ្នាក់ទាំងនៅតំបន់ឧបទ្វីបកូរ៉េ និងសហរដ្ឋអាមេរិកផងដែរ។

ក្រៅពីការលើកឡើងរបស់លោក Pence ខាងលើនេះ ខាងសេតវិមានអាមេរិកក៏បានប្រកាសដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានត្រៀមកញ្ចប់នៃជម្រើសរួចហើយ ដើម្បីឆ្លើយតបនឹងបញ្ហា​​កូរ៉េខាងជើងនេះមានទាំងយោធា ការទូត និងជម្រើសផ្សេងៗទៀត ដែលរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ។

លោក Pence បានលើកឡើងអំឡុងពេលលោកកំពុងមានវត្តមាន នៅកូរ៉េខាងត្បូងយ៉ាងដូច្នេះថា «ការបង្កហេតុនៅព្រឹកនេះដោយកូរ៉េខាងជើង គឺជាការក្រើនរំលឹកចុងក្រោយ នៃហានិភ័យ ដែលអ្នក​ប្រឈមមុខជារៀងរាល់ថ្ងៃ នៅក្នុងការការពារសេរីភាពនៃប្រជាជនរបស់កូរ៉េខាងត្បូង និងកិច្ចការ​ពារ​ចំពោះអាមេរិក នៅក្នុងផ្នែកមួយនៃសកលលោក»

ការថ្លែងរបស់លោក Pence បានធ្វើឡើងនៅក្នុងមូលដ្ឋានយោធា Yongsan នៅក្នុងទីក្រុងសេអ៊ូល​ប្រទេសកូរ៉េខាងត្បូង ដែលជាកិច្ចចាប់ដំបូងនៃទស្សនកិច្ចរយៈពេល ១០ថ្ងៃរបស់លោកនៅអាស៊ី។ លោក Pence បានពាំនាំពាក្យលោក ត្រាំ មកប្រាប់កងទ័ពអាមេរិកនៅកូរ៉េខាងត្បូង យ៉ាងដូច្នេះថា «យើងពិតជាមានមោទនភាពណាស់ ចំពោះអ្នក ហើយយើងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបេសកកម្មរបស់អ្នក»។

សម្រាប់ការធ្វើទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក មកកាន់កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ បានកើតតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តបាញ់មីស៊ីល ប៉ុន្តែបរាជ័យ ដោយអ្នក​ជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាកើតឡើងក្រោយមួយថ្ងៃនៃការ ធ្វើព្យុហយាត្រា អបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិក​កូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕