(សេអ៊ូល)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានលើកឡើងថា ការបាញ់មីស៊ីល​បរាជ័យរបស់កូរ៉េខាងជើងនៅព្រឹកថ្ងៃអាទិត្យនេះ គឺជាការបង្កហេតុសុទ្ធសាធ ហើយវាពិតជានឹងបង្ក​គ្រោះថ្នាក់ទាំងនៅតំបន់ឧបទ្វីបកូរ៉េ និងសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន New York Times នាយប់ថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។

ក្រៅពីការលើកឡើងរបស់លោក Pence ខាងលើនេះ ខាងសេតវិមានអាមេរិកក៏បានប្រកាសដែរថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានត្រៀមកញ្ចប់នៃជម្រើសរួចហើយ ដើម្បីឆ្លើយតបនឹងបញ្ហា​​កូរ៉េខាងជើងនេះមានទាំងយោធា ការទូត និងជម្រើសផ្សេងៗទៀត ដែលរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ។

លោក Pence បានលើកឡើងអំឡុងពេលលោកកំពុងមានវត្តមាននៅកូរ៉េខាងត្បូងយ៉ាងដូច្នេះថា «ការបង្កហេតុនៅព្រឹកនេះដោយកូរ៉េខាងជើង គឺជាការក្រើនរំលឹកចុងក្រោយ នៃហានិភ័យ ដែលអ្នក​ប្រឈមមុខជារៀងរាល់ថ្ងៃ នៅក្នុងការការពារសេរីភាពនៃប្រជាជនរបស់កូរ៉េខាងត្បូង និងកិច្ចការ​ពារ​ចំពោះអាមេរិក នៅក្នុងផ្នែកមួយនៃសកលលោក»

ការថ្លែងរបស់លោក Pence បានធ្វើឡើងនៅក្នុងមូលដ្ឋានយោធា Yongsan នៅក្នុងទីក្រុងសេអ៊ូល​ប្រទេសកូរ៉េខាងត្បូង ដែលជាកិច្ចចាប់ដំបូងនៃទស្សនកិច្ចរយៈពេល ១០ថ្ងៃរបស់លោកនៅអាស៊ី។ លោក Pence បានពាំនាំពាក្យលោក ត្រាំ មកប្រាប់កងទ័ពអាមេរិកនៅកូរ៉េខាងត្បូង យ៉ាងដូច្នេះថា «យើងពិតជាមានមោទនភាពណាស់ ចំពោះអ្នក ហើយយើងសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបេសកកម្មរបស់អ្នក»

គួរបញ្ជាក់ថា ការធ្វើទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក មកកាន់កូរ៉េខាងត្បូងថ្ងៃអាទិត្យនេះ បានកើតតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តបាញ់មីស៊ីល ប៉ុន្តែបរាជ័យ ដោយអ្នក​ជំនាញអះអាងថា គ្រាន់តែកូរ៉េខាងជើងបាញ់ភ្លាម គឺមីស៊ីលបានសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រតែម្តង ហើយវាកើតឡើងក្រោយមួយថ្ងៃនៃការ ធ្វើព្យុហយាត្រា អបអរខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិក​កូរ៉េខាងជើង គីម អ៊ីលស៊ុង ដែលអន្តរជាតិមើលឃើញថា ជាទិវាបង្អួតសព្វាវុធថ្មីៗទៅវិញ៕