(វ៉ាស៊ីនតោន)៖ លោក ម៉ៃក៍ ផេន (Mike Pence) អនុប្រធានាធិបតីអាមេរិក ដែលលោក ដូណាល់ ត្រាំ ទុកចិត្តបំផុត កំពុងស្ថិតនៅក្នុងដំណើរបំពេញទស្សនកិច្ចនៅតំបន់ អាស៊ីរយៈពេល ១០ថ្ងៃ នៅពេលនេះលោក​បានចាប់ផ្តើមទស្សនកិច្ចនៅកូរ៉េខាងត្បូងមុនគេ (បានទៅដល់ហើយ) ដែលវាស្របពេលដែលស្ថានការណ៍ក្នុងតំបន់ឧបទ្វីប​កូរ៉េកំពុងតែតានតឹងខ្លាំងបំផុត ក្រោយព្យុហយាត្រាយោធាកំញើញពិភពលោក និងការបាញ់មីស៊ីល​ដ៏បរាជ័យមួយគ្រាប់របស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ AP នារសៀលថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។

ខាងក្រោមនេះជារឿងគួរយល់ដឹង ៥យ៉ាង ពីលោក ម៉ៃក៍ ផេន ឬក៏អ្នកខ្លះហៅថា ដូណាល់ ត្រាំ ទីពីរ​៖

១៖ គ្រប់គ្នាដឹងហើយថា លោក ដូណាល់ ត្រាំ តែងតែនិយាយអ្វីដោយគ្មាននរណាស្មានដឹងមុន ឬអាចថាជាមនុស្សនិយាយត្រង់ ដូច្នេះលោក ផេន តែងតែរៀបចំអ្វីដែលលោក ត្រាំ ត្រូវនិយាយឲ្យរួច​ជាស្រេច ខ្លីៗ និងច្បាស់លាស់ ដើម្បីកុំឲ្យមានការនិយាយចាកប្រធានបទ។ បញ្ហាជាច្រើនដែលបាន​កើតឡើង ដូចជាការបំពេញទស្សនកិច្ចដើម្បីរក្សាជំហរគាំទ្រ NATO និងការបញ្ឈប់លោក Flynn ទីប្រឹក្សាសន្តិសុខជាតិពីតំណែង ដោយសារតែការលួចទាក់ទងនឹងមន្ត្រីរុស្ស៊ីនោះ ត្រូវបានលោក ផេន ដោះស្រាយ និងសម្រួលបញ្ហាបានមកវិញ ដោយការថ្លែងគាំទ្រសេចក្តីសម្រេចរបស់លោក ត្រាំ។

២៖ លោក ផេន មានឬសគល់មកពីរដ្ឋ Indiana ដែលលោកជាអតីតអភិបាលរដ្ឋនេះ និងជាសមាជិក​សភាផងដែរ។ លោកបានបង្កើតស្នាដៃលេចធ្លោ មួយចំនួនកាលពីរដ្ឋបាល លោក ចច ដាប់ប៊ែលយូ ប៊ូស និងលោក បារ៉ាក់ អូបាម៉ា ដូចជាការដោះស្រាយការប្រឆាំងការរំលូតកូន និងការកាត់បន្ថយការចំណាយ របស់រដ្ឋាភិបាលសហព័ន្ធ។ លោក បានដោះស្រាយបញ្ហាជាច្រើននៅក្នុងរដ្ឋ Indiana ជាពិសេសគឺការរើសអើងប្រឆាំងនឹង មនុស្សស្រឡាញ់ភេទដូចគ្នាក្នុងសង្គមជាដើម។

៣៖ សម្រាប់គ្រួសារ និងរឿងរ៉ាវផ្ទាល់ខ្លួនវិញ លោក ផេន គឺជាអ្នកដើរតាមគ្រឹស្តសាសនា ហើយមាន​ភរិយាមួយរូបឈ្មោះលោកស្រី Karen ជាអតីតគ្រូបង្រៀននៅបឋមសិក្សា ដែលបានរៀបការ​កាលពី​ឆ្នាំ​១៩៨៥ ហើយមាន​បុត្រចំនួន ០៣នាក់។ កូនប្រុសម្នាក់របសលោក ផេន កំពុងបម្រើការងារនៅក្នុងជួរកងទ័ពជើងអាមេរិក និងកូនស្រី​ទាំងពីររបស់លោក​ដែលម្នាក់ទើបរៀនចំ​ផ្នែកផលិត​ភាពយន្ត កំពុងតែរួមដំណើរ​ជាមួយ​លោក និងភរិយាមក​កាន់តំបន់​អាស៊ី។

៤៖ សម្រាប់ប្រវត្តិ​នៃទំនាក់ទំនង​លោក ផេន និងតំបន់អាស៊ី​វិញ គឺត្រូវវិលទៅរកជាង ៦០ឆ្នាំមុន ដែលឪពុក​របស់លោក​ឈ្មោះ Edward បានបម្រើ​តួនាទីជានាយទាហាន​អាមេរិកក្នុង​សម័យសង្គ្រាម​កូរ៉េ ហើយក៏បាន​ទទួលមេដាយ​ថ្នាក់ Bronze Star នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៥៣ ដែលមាន​រយៈ​ពេល ៦៤ឆ្នាំគត់ បើគិតមកដល់ពេលលោក ផេន ធ្វើដំណើរមកដល់​កូរ៉េខាងត្បូងនេះ។

៥៖ ជាចុងក្រោយគឺផ្នែកកម្សាន្ត និងសិល្ប ដោយលោក ផេន ក៏ធ្លាប់ធ្វើជាពិធីករឆ្លើយឆ្លង​ក្នុងវិទ្យុ និងទូរទស្សន៍​ផងដែរ​នៅក្នុងរដ្ឋ Indiana នាអំឡុង​ទសវត្សរ៍ ១៩៩០។ កម្មវិធីផ្សាយ​របស់លោក ត្រូវបានទទួល​ស្គាល់យ៉ាង​ទូលំទូលាយ ដោយសារភាព​ទាក់ទាញ និងទទួលបានការពេញនិយមខ្លាំងនា​សម័យកាលនោះ។ វាមានទាំង​កម្មវិធី​កម្សាន្ត សិល្បដើម្បី​សុខភាព និងកម្មវិធីជួយលើក​ទឹកមនុស្សឲ្យស្តារក្តីសង្ឃឹម​ឡើងវិញជាដើម។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក ផេន នឹងបន្តដំណើរទៅកាន់ប្រទេស​ឥណ្ឌូណេស៊ី និងអូស្ត្រាលី៕