(អ៊ីស្តង់ប៊ុល)៖ ប្រជាពលរដ្ឋតួកគីទាំងអស់ បានចាប់ផ្តើមទៅធ្វើការបោះឆ្នោតប្រជាមតិហើយ នៅថ្ងៃអាទិត្យ​ ទី១៦ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីកំណត់ជោគវាសនាប្រទេសរបស់ពួកគេ តាមរយៈការគាំទ្រ ឬមិនគាំទ្រ ចំពោះកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលនឹងផ្តល់អំណាចពេញដៃ​ដល់ប្រធានាធិបតីនោះ។ នេះបើតាមការដកស្រង់ព័ត៌មានពីទីភ្នាក់ងារ AP នារសៀលថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។

ប្រសិនជាការបោះឆ្នោតទទួលបានពាក្យ «គាំទ្រ» នោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្លាស់ប្តូរ​ប្រព័ន្ធរដ្ឋាភិបាលពីសភានិយម ទៅជាប្រធានាធិបតីនិយមនឹងត្រូវធ្វើឡើង ក្នុងនោះគឺអំណាចនាយក​រដ្ឋមន្ត្រី នឹងត្រូវរំសាយចោល ដើម្បីប្រគល់អំណាចផ្តាច់មុខទៅដល់ប្រធានាធិបតីតួកគី លោក រ៉ាសិប តាយយីព អឺដូហ្គាន់ កាន់កាប់យ៉ាងសប្បាយរីករាយតែម្តង។

គួរបញ្ជាក់ថា នៅមុនការបោះឆ្នោតធ្វើឡើងនៅថ្ងៃនេះ ប្រធានាធិបតីបច្ចុប្បន្នលោក អឺដូហ្គាន់ បានអំពាវនាវ និងបញ្ចុះបញ្ចូលប្រជាជនឲ្យឆ្លើយ «យល់ព្រម ឬ Yes» ដើម្បីឲ្យប្រទេសតួកគី អាចបង្កើតរបៀបដឹកនាំរដ្ឋាភិបាលផ្ទាល់ខ្លួនមួយ នោះគឺការប្រគល់អំណាចសម្រេចចិត្តដ៏ពេញលេញ​ដល់​ប្រធានាធិបតី ដើម្បីរក្សាឲ្យបាននូវស្ថិរភាពជាតិ និងអំណាចរដ្ឋាភិបាលដ៏មាំមួន។

ការបោះឆ្នោតបានប្រព្រឹត្តទៅនៅវេលាម៉ោង ៧៖០០នាទីព្រឹក និងត្រូវបញ្ចប់នៅវេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃអាទិត្យនេះ ម៉ោងនៅអ៊ីស្តង់ប៊ុល។ ប្រជាជនដែលមានសិទ្ធិចូលរួមបោះឆ្នោត មាន ៥៥លាននាក់ ក្នុងចំណោមប្រជាជនសរុបរបស់តួកគីជាង ៨០លាននាក់៕