(អ៊ីរ៉ង់)៖ មនុស្សចំនួន ៤១នាក់បានស្លាប់ និង២២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ដ៏​អាក្រក់ បង្កជាការបាក់ដីនៅភាគឦសានប្រទេសអ៊ីរ៉ង់ ដែលគ្រោះធម្មជាតិនេះគឺជាឥទ្ធិពលនៃ​ប្រព័ន្ធ​សម្ពាធទាបដែលធ្វើដំណើរគ្របសង្កត់មកលើបណ្តាខេត្តភាគឦសាន តាំងពីព្រឹកថ្ងៃសុក្រមកម្ល៉េះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន RT នារសៀលថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។

បណ្តាខេត្តដែលរងគ្រោះខ្លាំងជាងគេរបស់អ៊ីរ៉ង់មានដូចជា Kordestan, Zanjan, East Azerbaijan និង West Azerbaijan ខណៈដែលក្រុមសង្គ្រោះអ៊ីរ៉ង់មកដល់ថ្ងៃអាទិត្យនេះ នៅតែបន្តប្រតិបត្តិការ​ស្វែងរកមនុស្សបាត់ខ្លួនយ៉ាងសស្រាក់សស្រាំបំផុត។ មនុស្សចំនួន ១,១០០នាក់មកពីក្រុង និងភូមិ​ចំនួន ៣៣ បានទទួលជំនួយសប្បុរសធម៌ជាបណ្តើរៗហើយ និងមនុស្សជាង ១៣០នាក់ត្រូវបានបញ្ជូន​ទៅជ្រកកោណក្រោម​ជម្រកបណ្តោះអាសន្ន​ដែលរៀបចំដោយ​អាជ្ញាធរមនុស្ស​ធម៌អ៊ីរ៉ង់៕