(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើឲ្យសមាជិកទាំង១៥ប្រទេស នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ UNSC ធ្វើការកោះប្រជុំជាបន្ទាន់ ឆ្លើយតបទៅនឹងការធ្វើតេស្តបាញ់មីស៊ីល​សាជាថ្មីរបស់កូរ៉េខាងជើង នៅថ្ងៃខួបកំណើតទី១០៥ របស់បិតាស្ថាបនិក គីម អ៊ីលស៊ុង កាលពីម្សិលមិញ ដែលត្រូវបានទីក្រុងសេអ៊ូលអះអាងថា កូរ៉េខាងជើងកំពុងតែគំរាមកំហែងដល់​សន្តិសុខរបស់ពិភពលោកទាំងមូលតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចមីស៊ីលជាថ្មីទៀត នៅលើឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ប៉ុន្តែត្រូវបានគេជឿថា ទទួលបរាជ័យ នេះបើយោងតាមការលើក ឡើងរបស់យោធាប្រទេសកូរ៉េខាងត្បូង ដោយនៅពេលនេះមន្ទីរបញ្ជកោណរបស់សហរដ្ឋអាមេរិក ក៏បានចេញមកបញ្ជាក់អំពីការបាញ់នេះថា ជាការពិតផងដែរ។

ការបាញ់បង្ហោះគ្រាប់មីស៊ីល Missile នេះធ្វើឡើងនៅតំបន់ Sinpo នៃប្រទេសកូរ៉េខាងជើង តាំងពីម៉ោង៥៖២១ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧។ ចំណែកប្រភេទគ្រាប់មីស៊ីលមិនទាន់ដឹងនៅឡើយនោះទេ នេះយោងតាមសេចក្តីរាយការណ៍​ពីមន្រ្តីយោធាកូរ៉េខាងត្បូង។ សហរដ្ឋអាមេរិកក៏បានបញ្ជាក់អំពី​ការបាញ់បង្ហោះគ្រាប់មីស៊ីលនេះដែរ ប៉ុន្តែវាទទួលបរាជ័យហើយ។

ការបាញ់ទៀតនេះសោត បានកើតឡើងចំថ្ងៃដែលកូរ៉េខាងជើង បានរៀបចំពិធីដ៏ធំដុំបំផុតដើម្បីអបអរ «ទិវានៃព្រះអាទិត្យ» ដែលចង់សំដៅទៅលើពន្លឺនៃការចាប់កំណើតទី១០៥ឆ្នាំ របស់បិតាស្ថាបនិក គឺលោក គីម អ៊ីលស៊ុល ជាមេដឹកនាំជំនាន់ទីមួយនៅកូរ៉េខាងជើង ដែលបានប្រសូត្រកាលពី១០៥ឆ្នាំមុន និងបានទទួលមរណភាពកាលពីឆ្នាំ១៩៩៤៕