(អាមេរិក)៖ ក្រុមប្រឆាំង និងក្រុមគាំទ្រប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប៉ះទង្គិចគ្នាដ៏​ខ្លាំងក្លានៅឧទ្យានមួយកន្លែងក្នុងទីក្រុង Berkeley នៃរដ្ឋកាលីហ្វរញ៉ា ដែលបង្កជាអំពើហិង្សាយ៉ាងសាហាវរហូតដល់​ប៉ូលិសសម្រេចចិត្តចាប់ខ្លួនបាតុករ ២១នាក់។ នេះបើតាមការចេញផ្សាយដោយ CNN នាព្រឹកថ្ងៃ​អាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧។

តាមសម្តីមន្ត្រីប៉ូលិស បាតុករមួយចំនួនបានទទួលរងរបួសធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​នៅក្នុងទីក្រុងខាងលើនេះហើយ ប៉ុន្តែគេមិនទាន់ដឹងចំនួន ច្បាស់លាស់នោះឡើយ។ ប៉ូលិសបានប្រាប់ CNN យ៉ាងដូច្នេះថា «បាតុករមួយចំនួនបានវាយតប់គ្នា និងខ្លះប្រើប្រាស់កាំជ្រួចដុតបង្កជាផ្សែង​ភ្លើង នៅក្នុងហ្វូងបាតុករប្រឆាំងគ្នារវាងពីរបក្សនោះ»

គួរបញ្ជាក់ថា ក្រុមគាំទ្រលោក ដូណាល់ ត្រាំ បានរៀបចំប្រមូលផ្តុំគ្នាដើម្បីប្រារព្ធទីវា Patriot Day នៅក្នុងទីក្រុង Berkeley នៅរសៀលថ្ងៃសៅរ៍ ប៉ុន្តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីបាតុករប្រឆាំង លោក ដូណាល់ ត្រាំ បានដឹងរឿងនេះ ពួកគេក៏ប្រមូលផ្តុំគ្នាដើម្បីដង្ហែក្បួនទៅទប់ទល់នឹងក្បួនគាំទ្រលោក ត្រាំ រហូតដល់កើតចេញជាការប៉ះទង្គិចគ្នាដោយហិង្សាតែម្តង៕ (ទស្សនាវិដេអូនៃការវាយតប់គ្នា)