(សេអ៊ូល)៖ ខណៈស្ថានការណ៍កំពុងតែផុយស្រួយស្រាប់ទៅហើយនោះ ជនជាតិកូរ៉េខាងជើងមួយក្រុម​ ដែលរត់ចោលស្រុកមករស់នៅប្រទេសកូរ៉េខាងត្បូង បានរៀបចំ និងបង្ហោះបាឡុងចំនួន១០ ដែលស្តុកទៅ​ដោយខិតប័ណ្ណ, DVDs និងសៀវភៅសរុបជាង៣០០,០០០សន្លឹក-ដុំ ដែលក្នុងនោ ​ពោពេញទៅដោយពាក្យថ្កោលទោស របបដឹកនាំកូរ៉េខាងជើង និងការបកអាក្រាត​អំពី​ការធ្វើឃាតលោក គីម ជុងណាំ ដែលជាបងប្រុសមេដឹកនាំបច្ចុប្បន្នផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ​ពី យ៉ុនហាប់ នាយប់ថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ការបង្ហោះបាឡុងនៅក្បែរតំបន់ព្រំដែនរវាងកូរ៉េទាំងពីរខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលស្ថានការណ៍នៅឧបទ្ធីបកូរ៉េ​កំពុងតែតានតឹងខ្លាំងបំផុត ព្រោះកូរ៉េខាងជើងបានរៀបចំព្យុហយាត្រាយោធាដ៏ធំ នៅទីក្រុងព្យុងយ៉ាង ដើម្បីអបអរខួបទី១០៥ឆ្នាំ នៃថ្ងៃកំណើតបិតាស្ថាបនិក លោក គីម អ៊ីលស៊ុង ខណៈដែលមានការសន្និដ្ឋានថា នឹងអាចកើតមានការធ្វើតេស្តនុយក្លេអ៊ែរ លើកទី៦៕