(តូក្យូ)៖ មិនត្រឹមតែត្រៀមធ្វើការជម្លៀសប្រជាជនខ្លួនចំនួនជាង ៥៧,០០០នាក់ ចេញពីកូរ៉េខាងត្បូង​ប៉ុណ្ណោះទេ ប្រទេសជប៉ុននៅចង់ធានាខ្លួនធ្វើជាអ្នកទទួលយក ជនភៀសខ្លួន ពីកូរ៉េខាងជើង ក្នុងករណី​ដែលភាពតានតឹងឈានទៅដល់ការផ្ទុះសង្គ្រាមឡើងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Telegraph និងសារព័ត៌មានជប៉ុន នាយប់ថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។

សេចក្តីរាយការណ៍ខាងលើនេះបានឲ្យដឹងថា ប្រទេសជប៉ុននឹងស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាល​​កូរ៉េខាងត្បូងជាមុន ដើម្បីបញ្ជូនយន្តហោះយោធា និងស៊ីវិលទៅកាន់កូរ៉េខាងត្បូង រួចដឹកប្រជាជន​ខ្លួនត្រឡប់មកប្រទេសវិញ។ បច្ចុប្បន្នភាពតានតឹងត្រូវបានគ្រប់គ្នាមើលឃើញជាក់ស្តែងថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េពិតជាផុយ​ស្រួយជាងពេលណាៗទាំងអស់ ដោយវានឹងអាចផ្ទុះសង្គ្រាម​ភ្លាមៗប្រសិនបើកូរ៉េខាងជើង ធ្វើការបំផ្ទុះនុយក្លេអ៊ែរ ព្រោះអាមេរិកបានធ្វើការព្រមានច្បាស់ៗ តាមរយៈការបញ្ជូននាវាដឹកយន្តហោះចម្បាំង មកក្បែរឧបទ្វីបកូរ៉េរួចជាស្រេច។

គួរបញ្ជាក់ថា ទោះបីជាសង្គ្រាមមិនទាន់ផ្ទុះឡើងក្តីក៏រដ្ឋាភិបាលជប៉ុនបានបង្ហាញក្តីព្រួយបារម្ភ និងដំណោះស្រាយរួចជាស្រេច ជាពិសេសនោះគឺទៅលើជនភៀសខ្លួន មកពីកូរ៉េខាងជើង ដែលនឹង​អាចធ្វើដំណើរមកតាមទូក ហើយក្នុងនោះក៏នឹងអាចមានបង្កប់ អ្នកស៊ើបការណ៍​សម្ងាត់របស់ទីក្រុង​ព្យុងយ៉ាង​​ផងដែរ។ ប្រធាន​គណរដ្ឋមន្ត្រី​ជប៉ុន បានលើកឡើង​កាលពីថ្ងៃសុក្រថា ជប៉ុនបានតាមដាន និង​ទទួលព័ត៌មានថ្មី​ពីកូរ៉េខាងជើង​ជានិច្ច ប៉ុន្តែជប៉ុនមិនអាច​ធ្វើការបង្ហើបវាជា​សាធារណនោះ​ឡើយ៕