(វ៉ាស៊ីនតោន)៖ មេបញ្ជាការយោធាអាមេរិកប្រចាំ នៅប្រទេសអាហ្វហ្គានីស្ថាន មិនបានទទួលបញ្ជា ឬស្នើសុំការអនុញ្ញាតពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការទម្លាក់មហាគ្រាប់បែក «Mother of all bombs» ទៅលើជម្រុកលាក់ខ្លួននៃក្រុម ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។ នេះ​បើតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មាន AP នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះមន្ត្រីរដ្ឋាភិបាលអាមេរិកបានលើកឡើងថា ទោះបីជាមុនរដ្ឋបាលលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចក៏អគ្គមេបញ្ជាការយោធាអាមេរិក នៅអាហ្វហ្គានីស្ថានលោក John Nicholson មានអាជ្ញាធរពេញលេញទៅលើការ​ប្រើប្រាស់មហាគ្រាប់បែក ដែលមានឈ្មោះពេញថា Massive Ordnance Air Blast bomb ឬក៏ MOAB នោះដែរ ដែលជាគ្រាប់បែក​មិនមែននុយក្លេអ៊ែរដ៏ធំសម្បើម ហើយអាមេរិកមិនដែលទម្លាក់វានៅទីណានោះឡើយ ខណៈវាត្រូវដឹក​ដោយ​យន្តហោះប្រតិបត្តិការ MC-130 ដែលត្រូវបានបញ្ជូនទៅអាហ្វហ្គានីស្ថាន តាំងពីខែមករា មកម្ល៉េះ។

មន្ត្រីរដ្ឋាភិបាលអាមេរិក បានប្រាប់ទៅកាន់សារព័ត៌មាន​ ដោយសុំមិនបញ្ចេញអត្តសញ្ញាណ​អំពីបញ្ហាខាងលើនេះ ដោយចង់មានន័យថា ទោះបីជាគ្មានបញ្ជាពីលោក ដូណាល់ ត្រាំ ក៏ដោយក៏​លោក John មានសិទ្ធិប្រើប្រាស់មហាកំពូលគ្រាប់បែក MOAB ដើម្បីទម្លាក់ទៅលើមូលដ្ឋានពួក​ភេរវករ ដែលកំពុងរៀបចំប្រតិបត្តិការគ្រោះថ្នាក់ណាមួយ មកលើយើងផងដែរ។ អាមេរិកបានទម្លាក់គ្រាប់បែក MOAB នៅតំបន់ភ្នំភាគខាងកើតអាហ្វហ្គានីស្ថាន ដោយបានកម្ទេចមូលដ្ឋានរូងភ្នំលាក់ខ្លួនរបស់ ISIS ស្ទើរតែមើលលែងយល់តែម្តង៕