(ប៉េកាំង)៖ ខណៈដែលគ្រប់គ្នាកំពុងតែក្រឡេកមើលមិនដាក់ភ្នែក លើបញ្ហាកូរ៉េខាងជើងនោះ ទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក បានងាកទៅរកភាពប្រសើរឡើងវិញបន្តិច បន្ទាប់ពីដំណើរទស្សនកិច្ច​ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ទៅកាន់ទីក្រុងម៉ូស្គូ ដោយបានជួបជាមួយ​មន្ត្រីកំពូល នៃរដ្ឋាភិបាលរុស្ស៊ីជាច្រើនរូប។ នេះបើតាមការចេញផ្សាយដោយ Global Times នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងសញ្ញាវិជ្ជមានបែបនេះ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ព្រមទាំងសង្កត់ធ្ងន់ថា វាជាដំណឹងដ៏ល្អទៅកាន់សកលលោក។ ក្រសួងការបរទេសចិន បញ្ជាក់យ៉ាងដូច្នេះថា «ចិនស្វាគមន៍ចំពោះភាពរីកចំរើនឡើងវិញ នៃទំនាក់ទំនងអាមេរិក-រុស្ស៊ី។ ទំនាក់ទំនងប្រសើរឡើងរវាងអាមេរិក និងរុស្ស៊ី គឺជាព័ត៌មានដ៏ល្អមួយសម្រាប់ពិភពលោក»

ចិនក៏បានអះអាងទៀតដែរថា ទំនាក់ទំនងប្រសើរឡើង រវាងមហាអំណាចដែលដើរតួសំខាន់បំផុត ​នៅក្នុងអង្គការសហប្រជាជាតិនោះ វាជារឿងដ៏ប្រសើរបំផុត ដែលអនុញ្ញាតឲ្យយើងអាចដោះស្រាយ បញ្ហាប្រឈមនានា និងរក្សាបាននូវស្ថិរភាពពេញលេញសម្រាប់សកលលោក៕