(ព្យុងយ៉ាង)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧នេះ ប្រទេសកូរ៉េខាងជើង​ បានចាប់ផ្តើមធ្វើព្យុហយាត្រា​យោធាដ៏ធំសម្បើម សម្រាប់ខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដោយមានការដង្ហែជាក្បួនមានទាំងកម្លាំង​យោធាចំរុះ និងសព្វាវុធទំនើបៗ ព្រមទាំងមានការចូលរួមដោយផ្ទាល់ពី មេដឹកនាំកំពូលគីម ជុងអ៊ុន ចំពោះមុខអ្នកសារព័ត៌មាន និងភ្ញៀវបរទេសដែលមានបេសកកម្មនៅ ទីក្រុងព្យុងយ៉ាងរាប់រយរូបចូលរួម​ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយបណ្តាញសារព័ត៌មាន RT របស់រុស្ស៊ី ដែលមានកំពុង​មានវត្តមាននៅទីនោះ ស្រាប់នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។

នៅថ្ងៃទី១៦ ស្អែកដែលជាថ្ងៃធំ ត្រូវនឹងខួបកំណើតទី ១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នោះ អ្នកវិភាគជាច្រើន ដែលទទួលបានព័ត៌មានសម្ងាត់ ពីកូរ៉េខាងជើង និងការវិភាគដោយរូបភាពពី​ប្រព័ន្ធផ្កាយរណបឲ្យដឹងថា លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំត្រូកូល គីម ជំនាន់ទី៣ នឹងបញ្ជាឲ្យ​បំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទី៦ ហើយបើពិតជាដូច្នោះមែននោះ វានឹងក្លាយជាទង្វើ​ប្រឆាំងច្បាប់អន្តរជាតិបន្ថែមទៀតជាក់ជាមិនខាន ហើយអាមេរិកដែលកំពុងដើរតួ​ជាអ្នកបញ្ជាឲ្យគ្រប់គ្នា​ គោរពច្បាប់អន្តរជាតិនោះ ក៏នឹងប្រាកដជាមិនអាចនៅស្ងៀមទៀតដែរ៕