(ម៉ូស្គូ)៖ អ្នកបកអាក្រាតរឿងសម្ងាត់ដ៏ជំនាញ WikiLeaks បានទម្លាយចេញនូវវីរុសប្រភេទថ្មី Hive ដែលវិវឌ្ឍន៍ចេញពីវីរុសស៊េរី Vault7 របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ដែលតែងតែ​ត្រូវបានប្រើប្រាស់ ដើម្បីស៊ើបការណ៍ផ្ទៃក្នុងអ្វីមួយ តាមរយៈការបញ្ចូលមេរោគ និងកំណត់គោលដៅជាក់លាក់លើទីតាំងដែលខ្លួនចស៊ើបការណ៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នាយប់ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧។

វីរុសខាងលើនេះត្រូវបាន វីគីលីក (WikiLeaks) បកស្រាយថា ជាមេរោគដែលមានសមត្ថភាពច្រើន នៅក្នុងជ្រៀតចូលទៅក្នុង ប្រព័ន្ធប្រតិបត្តិការ  Windows, Solaris, MikroTik, Linux និងសូម្បីតែ AVTech ដែលជាប្រព័ន្ធថតវីដអូសម្រាប់កាមេរ៉ាសុវត្ថិភាព​ ហើយវាពិតជាសំខាន់ណាស់សម្រាប់ CIA នៅក្នុងការ​តាមដាន និងបញ្ជាយ៉ាងមានប្រសិទ្ធភាពទៅលើគោលដៅ ដែលខ្លួនត្រូវចាត់ការ តាមរយៈការបញ្ចូលមេរោគ Hive ចូលក្នុងប្រព័ន្ធប្រតិបត្តិការទាំងនោះ។

គួរបញ្ជាក់ថាវីរុស Hive ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ដែលវាមានតួនាទីស្នូលធំៗពីរនោះគឺ ស្វែងរកពន្លឺនៃព័ត៌មានដំបូង និងការចាត់វិធានការលើគោលដៅតែម្តង។ ទាំងពីរចំណុចនេះ​គឺជួយឲ្យ CIA ជ្រៀតចូល​ទីតាំងដែលខ្លួនចង់បាន និងធ្វើការដាក់ពង្រាយ​នូវបណ្តាញស្រូបយក​ព័ត៌មានដ៏ពេញលេញ។ ប្រការនេះ​ហើយទើប CIA អាចគ្រប់គ្រង​នូវរាល់សកម្មភាព​នានារបស់គោលដៅ ឧទាហរណ៍ដូចជា​​ម្ចាស់កុំព្យូទ័រ ធ្វើការលុបឯកសារ, បង្ហោះ, ឬ ដកកម្មវិធីណាមួយ​ចេញពីកុំព្យូទ័រ​របស់ពួកគេក៏ CIA អាចដឹងនូវព័ត៌មាន​ទាំងអស់នោះបានដែរ៕