(ស៊ីរី)៖ អាវុធគីមីជាប្រភេតអាវុធដ៏សាហាវ ដែលអាចសម្លាប់មនុស្សបានយ៉ាងងាយ វាមានប្រើប្រាស់សារធាតុម្យ៉ាង ដែលមានឈ្មោះថា Sarin ដែលអាចបញ្ចៀបចូលតាមស្បែក សួត ឬអាចលាយជាមួយទឹកក៏បាន។ Sarin មានឥទ្ធិពលទៅលើដំណើរនៃប្រព័ន្ធប្រសាទ របស់មនុស្ស។

ជាធម្មតាប្រព័ន្ធប្រសាទធ្វើទំនាក់ទំនងគ្នា ដោយការបញ្ចេញសារធាតុគីមីម្យ៉ាង ដែលត្រូវបានគេឱ្យឈ្មោះថា ប្រព័ន្ធបញ្ជូនព័ត៌មានសរសៃប្រសាទ។ នៅពេលផ្នែកណាមួយនៃរាងកាយត្រូវការអ្វីមួយ ប្រព័ន្ធប្រសាទនឹងបញ្ជូនព័ត៌មាននេះ ពេលនោះរាងកាយបំពេញតម្រូវការដែលខ្លួន ចង់បាន។ បន្ទាប់ពីបំពេញកិច្ចការរបស់ខ្លួនហើយ នៅពេលអង់ស៊ីមម្យ៉ាង នឹងកំទេចព័ត៌មាននេះចោល ដើម្បីបង្ការកុំឱ្យសកម្មភាពកើតឡើងម្តងហើយ ម្តងទៀត។ ឧទាហរណ៍នៅពេលកែវភ្នែកស្ងួត ប្រព័ន្ធបញ្ជូនព័ត៌មាននឹងផ្តល់ព័ត៌មាននោះកែវភ្នែក ដើម្បីបញ្ចេញជាតិទឹកផ្តល់សំណើមដល់កែវភ្នែក។

ប្រសិនបើអង់ហ្ស៊ីម មិនអាចលុបបំបាត់ព័ត៌មាននេះទេនោះ ប្រព័ន្ធបញ្ជូនព័ត៌មាន នឹងនៅតែបន្តបញ្ជូនព័ត៌មានដដែល មិនឈប់ឈរនោះកែវភ្នែកនឹង មិនបញ្ឈប់បញ្ចេញទឹកភ្នែកឡើយ ដែលធ្វើឱ្យកែវភ្នែករបស់អ្នកហូរទឹកភ្នែក រហូតគ្រប់គ្រង់លែងបាន នេះគ្រាន់តែជាផ្នែកមួយ នៃឧទាហរណ៍ តែប៉ុណ្ណោះ។ និយាយពីសារធាតុ Sarin វិញ គេប្រើប្រាស់សារធាតុនេះ (វាអាចស្ថិតក្នុងទម្រង់ជាសារធាតុរាវ និងឧស្ម័ន) សម្រាប់ផលិតអាវុធគីមី។ ក្នុងរយៈពេលត្រឹមប៉ុន្មាននាទីនៃការប៉ះពាល់សារធាតុនេះ ប្រព័ន្ធប្រសាទក្នុងតំបន់នោះ នឹងបន្តធ្វើការបញ្ជូនព័ត៌មានមិនឈប់ឈរ រហូតគ្រប់គ្រងលែងបាន។ មនុស្សនឹងហ៊ារសំបោរ ហូរទឹកភ្នែក បែកពពុះមាត់ និងក្អួតចង្អោ ប្រព័ន្ធគ្រឿងក្នុងនឹងមានភាពជ្រួលច្របល់។

ជនរងគ្រោះនឹងណែនដើមទ្រូង ភ្នែកមើលលែងច្បាស់។ ហើយប្រសិនបើការប្រើប្រាស់សារធាតុនេះ ច្រើនគ្រប់គ្រាន់នោះ មនុស្សនឹងកន្ត្រាក់ដៃ កន្ត្រាក់ជើង ហើយស្លាប់បាត់បង់ជីវិតក្នុងរយៈត្រឹម១នាទី ទៅ១០នាទី។ ដោយសារ Sarin មិនមានក្លិន ឬរសជាតិ មនុស្សមិនអាចដឹងទេថា តើមានរឿងអ្វីកំពុងកើតឡើង ដែលនេះជាបញ្ហាដ៏លំបាកបំផុត ក្នុងការសង្គ្រោះបន្ទាន់។ តែប្រសិនបើការបំភាយ សារធាតុនេះមិនច្រើនពេកទេនោះ ជនរងគ្រោះដែលអាចសង្គ្រោះបានទាន់ពេលវេលា នឹងជាទាំងស្រុងតែម្តង។

យោធាសហរដ្ឋអាមេរិកមានប្រភេទទឹកជូតម្យ៉ាងដែលអាចប្រើប្រាស់ ដើម្បីសង្គ្រោះមនុស្សបន្ទាប់ពីការប៉ះពាល់សារធាតុនេះភ្លាមៗ។

គួរបញ្ជាក់ថា អាវុធគីមី កំពុងក្លាយជាប្រធានបទក្តៅសម្រាប់ពិភពលោក បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្រោមការដឹកនាំរបស់ លោកបាស្សាអាល់អាស្សាដ ត្រូវបានគេជឿជាក់ថា បានប្រើប្រាស់អាវុធប្រភេទគ្រោះថ្នាក់មួយនេះ ដើម្បីសម្លាប់ប្រជាពលរដ្ឋរបស់ខ្លួនបណ្តាលឱ្យ មនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ក្នុងនោះក៏មានកុមារជាច្រើននាក់ផងដែរ។

តើច្បាប់អន្តរជាតិស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធគីមី បានចែងដូចម្តេចខ្លះ?

* មុនសង្គ្រាមលោកលើកទីពីរ៖
ច្បាប់អន្ដរជាតិបានហាមឃាត់ការប្រើប្រាស់អាវុធគីមី មានចាប់តាំងពីឆ្នាំ១៨៩៩មកម្ល៉េះ ក្រោមអនុសញ្ញាក្រុងឡាអេ មាត្រា២៣ នៃបទប្បញ្ញត្តិ ដែលគោរពតាមច្បាប់នៃសង្រ្គាមដីគោក ដែលបានហាមឃាត់ការប្រើប្រាស់ថ្នាំពុល និងអាវុធគីមី។ ជាមួយគ្នានេះដែរ សេចក្តីប្រកាសដាច់ ដោយឡែកមួយបានចែងថា រាល់សង្រ្គាមរវាងប្រទេសហត្ថលេខីនៃសន្ធិសញ្ញាខាងលើ ត្រូវជៀសវាងរាល់ការប្រើអាវុធ ដែលមានសាយភាព ឧស្ម័នពុល asphyxiating ឬdeleterious។

ដោយឡែកក្នុងសន្ធិសញ្ញាស្តីពីសង្គ្រាមទ័ពជើងទឹកវិញ បានចុះហត្ថលេខាកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩២២កន្លងទៅនេះ ត្រូវបានគេស្គាល់ថា ជាសន្ធិសញ្ញា Five-Power Treaty មានគោលដៅហាមឃាត់ការប្រើប្រាស់សារធាតុ CW ប៉ុន្តែត្រូវបានប្រទេស បារាំងច្រានចោល។ ភាពបរាជ័យក្នុងការដាក់សារធាតុពុល CW ក្នុងការហាមឃាត់ ជម្រុញឱ្យមានការកើនឡើងជាលំដាប់នូវការផលិត និងការរក្សាទុកឧស្ម័ន នេះកាន់តែច្រើន។

ក្នុងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវខាងលើ ត្រូវបានគេស្គាល់ជាផ្លូវការថា ជាកិច្ចព្រមព្រៀងហាមឃាត់ការប្រើប្រាស់ឧស្ម័ន Asphyxiating, Poisonous និងឧស្ម័នពុលផ្សេងទៀតក្នុងសង្គ្រាម។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខានៅទីក្រុងហ្សឺណែវ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩២៥ និងចូលជាធរមាននៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩២៨ ដោយមាន១៣៣ប្រទេសដែលបានចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញានេះ។ អ៊ុយក្រែនជាប្រទេសហត្ថលេខីចុងក្រោយបំផុត គឺនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៣។

* កំណែទម្រង់កិច្ចព្រមព្រៀងជាថ្មី៖
អនុសញ្ញាអាវុធគីមី ឆ្នាំ១៩៩៣ គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធចុងក្រោយបំផុត នៃច្បាប់អន្តរជាតិ ដែលមានឈ្មោះពេញថា អនុសញ្ញាស្តីពីការហាមឃាត់ការអភិវឌ្ឍន៍ ការផលិត ការរក្សាទុកនិងការប្រើប្រាស់ និងការបំផ្លាញអាវុធគីមី។ កិច្ចព្រមព្រៀងនេះ ស្ថិតក្រោមការគ្រប់គ្រងដោយអង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី ហៅកាត់ថា OPCW ជាអង្គការឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេស ហូឡង់៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា