(ដាម៉ាស)៖ ប្រជាជននៅក្នុងរដ្ឋធានីដាម៉ាស់នៃប្រទេសស៊ីរី បានបញ្ចេញប្រតិកម្មរិះគន់ធ្ងន់ៗ ចំពោះការវាយប្រហារដោយមីស៊ីលដល់​ទៅ​​ជិត​៦០​គ្រាប់ របស់យោធាសហរដ្ឋអាមេរិក  ទៅលើមូលដ្ឋានទ័ពអាកាសរដ្ឋាភិបាលលោក បាស្សា អាល់ អាស្សាដ និងថែមទាំងបាន​ចាត់ទុក​ថា​ជាទង្វើឈ្លានពាន​ប្រឆាំងនឹងប្រជាជាតិ​ស៊ីរីទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះ​បន្តិចនារសៀលថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។

ពលរដ្ឋស៊ីរីម្នាក់បានប្រាប់ទៅកាន់ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT យ៉ាងដូច្នេះថា «នេះគឺជាឧក្រិដ្ឋកម្មសង្រ្គាម សុទ្ធសាធពីព្រោះតែកងទ័ព​ស៊ីរី​ទាំង​​នោះ ​គឺជាចំណែកនៃប្រទេសរបស់យើង»។ ជនរួមជាតិ​ស៊ីរីម្នាក់ទៀត បានបញ្ជាក់ថា «ក្នុងនាមជា​ប្រជាជនស៊ីរី​យើងពុំមានភាពភ័យខ្លាច​រអា​សោះឡើយ ហើយពួកយើងដឹងច្បាស់ថា​ យើងត្រូវបាន​គេកំណត់​គោលដៅ និងមានអ្នកចាំ​បង្កើតគំរោង​ការអាក្រក់​ដើម្បីប្រឆាំង​នឹងប្រជា​ជាតិយើង។ ជារៀងរាល់ពេលដែលពួកយើងបន្តបោះជំហានឆ្ពោះ​ទៅរកស្ថិរភាព​និងជ័យជម្នះ ពួកគេវាយប្រហារ​មកយើង ឬ​មួ​យ​ក៏​​បញ្ជូន​ក្រុមភេរវករ​មកក្នុងប្រទេស​របស់ពួកយើង ប៉ុន្តែយើង​នឹងមិនខ្លាចនរណា​ម្នាក់ឡើយ ដោយសារយើង​ជាម្ចាស់នៃ​ដឹកដីនេះ»។ ប្រជាជនស៊ីរី​​រូបនេះ​បានបន្ថែម​ទៀតថា «ប្រជាជននៃ​ស៊ីរីទាំងមូល​ថ្កោលទោស​យ៉ាងខ្លាំង​ ចំពោះបទឧក្រិដ្ឋនេះ ដែលត្រូវបាន​ប្រព្រឹត្ត​ដោយប្រទេស​មួយ ​ដែល​តែងតែ​បានអះអាងថា​ជាអ្នកការពារ​សិទ្ធិមនុស្ស»។

ឆ្លើយតបចំពោះ​ការបាញ់ស្រោច​មីស៊ីលរបស់​សហរដ្ឋអាមេរិក ប្រជាជនស៊ិរី​ដទៃទៀត​បានលើកឡើងថា «បើសិនជា​អ្នកចង់បាន​ការពិត គឺ​​ថា​​វាគ្រាន់តែ​ជាលេសដើម្បី​ចូលរុករាន​ប្រទេសស៊ីរីប៉ុណ្ណោះ ដូចអ្វីដែលពួកគេ​បានធ្វើនៅក្នុង​ប្រទេសអ៊ីរ៉ាក់ និងប្រទេសផ្សេងៗ​ទៀតអ៊ីចឹង ហើយ​​បើ​តាមគំនិត​ខ្ញុំវាគឺជាទង្វើ​ដ៏សែនខុសឆ្គងមួយ ដែលយើងគួរតែ​ធ្វើការឆ្លើយ​តបទៅវិញ»។

គួរបញ្ជាក់ថា​នៅថ្ងៃសុក្រ​ម្សិលមិញនេះ មីស៊ីលប្រភេទ Tomahawk សរុបចំនួន​៥៩គ្រាប់ត្រូវបាន​ចាញ់ចេញ​ពីនាវាពិឃាត​សហរដ្ឋអាមេរិក នៅឯភាគខាងកើត​សមុទ្រ​មេឌីទែរ៉ាណេ ក្រោមការ​បញ្ជារបស់​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ទៅលើ​មូលដ្ឋានទ័ព​អាកាសមួយ​កន្លែង​ ស្ថិតនៅ​ក្បែរខេត្ត Homs របស់ស៊ីរី ដើម្បីធ្វើជា​ការឆ្លើយតប​ចំពោះការវាយប្រហារ ដោយអាវុធគីមី​នៅភាគពាយ័ព្យ​ប្រទេសមជ្ឈិមបូព៌ា​ ​របស់​កងយន្តហោះចម្បាំង​រដ្ឋាភិបាលស៊ីរី ដែលបាន​សម្លាប់ជីវិត​ជនស្លូតត្រង់​ជិត១០០នាក់ បូករួមទាំងកុមារ​តូចៗ។ ដោយឡែក​​នៅក្នុងការបាញ់​ស្រោចមីស៊ីល​របស់ទីក្រុង​វ៉ាស៊ីនតោន​វិញ យោងតាម​អភិបាលខេត្ត Homs បានឲ្យដឹងថា មនុស្សយ៉ាង​តិច១៤នាក់ស្លាប់ នៅក្នុងនោះ​មាន​ជនស៊ីវិល​ចំនួន០៩នាក់ និងមួយចំនួន​ទៀតបាន​ទទួលរងរបួស៕