(អវកាស)៖ ការធ្វើដំណើរទៅកាន់ភពអង្គារ គឺជាក្តីស្រមៃរាប់ទសវត្សរ៍សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកតាមប្រមាញ់ព័ត៌មានស្តីពីអវកាស និងវិទ្យាសាស្ត្រ ខណៈដែលការទន្ទឹងរង់ចាំនេះនឹងក្លាយជាការពិត តាមការគ្រោងទុករបស់គំរោងអង្គការ NASA នៅឆ្នាំ២០៣០ ខាងមុខនេះ ក្រោយពីទទួលបានការគាំទ្រ​ពេញទំហឹងពីរដ្ឋាភិបាលអាមេរិកថ្មី។ នេះបើតាមការដកស្រង់ពីវែបសាយ arstechnica នារសៀលថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។

តាមពិតការពន្យាពេលពីមួយទសវត្សរ៍ ទៅមួយទសវត្សរ៍ស្តីពីការគ្រោងនាំមនុស្សទៅស្រាវជ្រាវ និងរស់នៅ​លើភពអង្គារនោះ ក៏ព្រោះតែបញ្ហាបច្ចេកទេសជាគោល កត្តាធម្មជាតិរបស់មនុស្ស និងកត្តាហិរញ្ញវត្ថុ ក៏សំខាន់ខ្លាំងផងដែរ។ បន្ថែមពីនេះកិច្ចដំណើរការសំខាន់ៗ ដែលត្រូវរៀបចំឲ្យបានសម្រេច ១០០% និងប្រាកដប្រជាខ្ពស់បំផុត គឺជារឿងចាំបាច់ដែល​គ្រប់គ្នាត្រូវ​យល់ដឹងមុននឹង​មនុស្សទាំងនោះ អាច​ជិះយានដែលមានរយៈពេលជិតពីរឆ្នាំ ទៅកាន់ភពអង្គារបាន។

១៖ តើត្រូវជ្រើសពេលបង្ហោះយានដូចម្តេច?

ចម្ងាយពីភពអង្គារ​មកផែនដីនៅពេលគោចរមក​កៀកគ្នាបំផុតគឺរង្វង់ ៥០លានគីឡូម៉ែត្រ និងនៅឆ្ងាយបំផុត​ក្នុងរង្វង់ជាង ៤០០លានគីឡូម៉ែត្រ ដូច្នេះប្រសិនបើត្រូវធ្វើការបាញ់បង្ហោះយានឆ្ពោះទៅភពអង្គារ អង្គការ NASA ត្រូវការគិតគូអំពីគន្លងគោចររបស់ភពអង្គារ ដោយជ្រើសរើសពេលវាជិតដើរមកកៀកនឹងផែនដី នោះទើបអាចចំណេញពេលបំផុត ប៉ុន្តែដោយសារតែយានមានមនុស្សជិះមានទំហំធំជាង រ៉ូបូត Curiosity និង Mars Rover នោះវាមិនអាចប្រើពេល ៧-៨ខែដើម្បីទៅដល់ភពអង្គារបាននោះឡើយ។

២៖ តើមនុស្សជិះលើ​យានអាច​ឆ្កួតទេ?

ម្យ៉ាងវិញទៀតអ្វីដែល​ជាក្តីកង្វល់សម្រាប់​អ្នកវិទ្យាសាស្ត្រធំមួយ​ទៀតនោះ គឺការស៊ូទ្រាំរបស់​មនុស្សទាំង​០៤នាក់នៅ​ក្នុងយានអវកាស ដែលចង្អៀតរយៈពេលរហូតដល់ជិត ០២ឆ្នាំ ថាតើពួកគេអាចតស៊ូបានដោយ​របៀបណា។ វេជ្ជបណ្ឌិតដែលតាមដានលើរឿងនេះធ្លាប់បានបង្ហើបថា ខួរក្បាល និងរាងកាយមនុស្ស ពិតជាពិបាកស៊ូទ្រាំក្នុងការនៅហ្នឹង​មួយកន្លែង ដោយមិនចល័ត ឬនិយាយស្តី អស់រយៈកាលរាប់ឆ្នាំខ្លាំងណាស់ ហេតុដូច្នេះ NASA កំពុងតែសិក្សា​អំពីវិធីដែលអាច​រក្សាសតិអារម្មណ៍​មនុស្ស ដែលអាចនឹងរងផលប៉ះពាល់​ខ្លាំងដោយសារតែ​​ការផ្អាកដំណើរ​ការរាប់ខែឆ្នាំ។

៣៖ ពេលទៅដល់ភពអង្គារ តើអាចត្រឡប់មកវិញទេ?

ជារឿងដែលពិបាកនឹងឆ្លើយណាស់​សម្រាប់អង្គការ NASA ដោយវាមិនដូច​ទៅនឹងរឿង​ហូលីវូដ ដែលចង់ទៅ​ណាទៅហ្នឹងបាន ស្រេចតែអ្នកនិពន្ធ​សរសេរនោះទេ។ បច្ចេកវិទ្យា​នៅឆ្នាំ២០៣០​ខាងមុខនេះ គ្រាន់តែបញ្ជាក់ពី​ការបញ្ជូនមនុស្ស​ទៅចុះចត និងរស់នៅស្រាវជ្រាវ​លើភពអង្គារ ប៉ុន្តែមិនបាន​បញ្ជាក់ថា ពួកគេអាចត្រឡប់​មកវិញ ឬដោយវិធីណា​នោះឡើយ។ ដូច្នេះបេសកកម្ម​ខាងលើនេះ អ្នកជិះនៅ​លើយាន​ទាំង០៤នាក់​ពិតជាដឹងច្បាស់ថា ពួកគេមិនទទួលបាន​ការធានា​សុវត្ថិភាព ឬក៏ជិវិតនោះ​ឡើយ (និយាយ​រួមវា​អាចជាបេសកកម្ម​ដើម្បីអនាគត​មនុស្សលោក ដែលពួកគេនឹងក្លាយជានិមិត្តរូបជាប្រវត្តិសាស្ត្រ)៕