(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទីបំផុតបានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើជនជាតិ​កូរ៉េខាងជើងចំនួន១១នាក់ ព្រមទាំងក្រុមហ៊ុនមួយ​កន្លែងទៀតរបស់រដ្ឋកុម្មុយនិស្តមួយនេះ ដោយសារតែពួកគេត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនៅក្នុងកម្មវិធីផលិតអាវុធមីស៊ីល-នុយក្លេអ៊ែរ របស់រដ្ឋាភិបាល​​ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។

ក្រសួងរតនាគារជាតិសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមហ៊ុននិងបុគ្គល​ទាំងប៉ុន្មានខាងលើដែល​ទទួលរងការដាក់ទណ្ឌកម្ម​ត្រូវ​​គេ​រក​ឃើញ​ថា កំពុង​ធ្វើ​ការ​ជា​ភ្នាក់​ងារ​សម្ងាត់របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង នៅក្នុងប្រទេស រុស្ស៊ី ចិន វៀតណាម និងគុយបា ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ ឬមួយក៏​ជួយ​ទិញ​​សព្វាវុធ ជំនួសឲ្យបណ្តាក្រុមហ៊ុន​ដែលជាប់ទណ្ឌកម្ម​នាពេលមុនៗ។

រដ្ឋមន្រ្តី​រតនាគារជាតិ​អាមេរិកលោក Steven Mnuchin បានលើកឡើង​នៅក្នុងសេចក្តី​ថ្លែងការណ៍​មួយរបស់លោក​ថា «ការដាក់ទណ្ឌកម្ម​​នៅ​ពេលនេះ ត្រូវបានធ្វើ​ឡើងដោយ​សំដៅកាត់បន្ថយ​ខ្សែបណ្តាញ​ក៏ដូចជា​មធ្យោបាយ ដែលរដ្ឋាភិបាល​កូរ៉េខាងជើង​បាន​និងកំពុងប្រើប្រាស់​ ដើម្បី​ធ្វើការផ្គត់ផ្គង់​ដល់កម្មវិធីនុយក្លេអ៊ែរ​ និងមីស៊ីលផ្លោង​ខុសច្បាប់​របស់ខ្លួន។ ដូច្នេះហើយខ្ញុំ​ទទូចឲ្យគ្រប់ដៃ​គូសហការ​ និងសម្ព័ន្ធមិត្ត​​ទាំង​អស់ ចាត់វិធានការស្រដៀងគ្នានេះ​ ដើម្បីកាត់ផ្តាច់​បណ្តាញផ្គត់ផ្គង់​របស់ទីក្រុង​ព្យុងយ៉ាង»។

គួរបញ្ជាក់ថា​ការដាក់ទណ្ឌកម្មថ្មីនេះ​ត្រូវបាន​កំណត់ចេញ នៅក្រោមវិធានការ​ដែលត្រូវបានបង្កើតឡើងដោយ​រដ្ឋបាល​លោក George W. ​Bush និងរដ្ឋបាល​លោក Barack Obama ដែលវាមិនទាន់អាច​បង្ហាញពីចំណាត់ការ​របស់រដ្ឋបាល​លោក Donald Trump ចំពោះកូរ៉េខាងជើង​​នៅ​​ឡើយ​ទេ៕